បរទេស៖ ប្រទេសបារ៉ែន តាមសេចក្តីរាយការណ៍ នឹងបើកជើងហោះហើរទៅប្រទេសកាតា នេះបើតាមសម្តីអាជ្ញាធរ កិច្ចការអាកាសចរណ៍ស៊ីវិល និយាយនៅថ្ងៃអាទិត្យ បន្ទាប់ពីមានកិច្ចព្រមព្រៀង ធ្វើឡើងដោយរដ្ឋអារ៉ាប់ គាំទ្រដោយ សហរដ្ឋអាមេរិក កាលពីសប្ដាហ៍មុន ដើម្បីបញ្ចប់ជម្លោះ ជាមួយទីក្រុងដូហា។
ការប្រកាសបែបនេះ គឺត្រូវបានធ្វើឡើង ក្រោយទីក្រុងរីយ៉ាដ ប្រកាសពីព្រឹត្តិការណ៍ ដ៏សំខាន់មួយ នៅក្នុងជំនួបកំពូលកាលពី ថ្ងៃអង្គារសប្ដាហ៍មុន បញ្ចប់ជម្លោះនយោបាយមួយ ដែលអារ៉ាប៊ីសាអូឌី សហភាពអារ៉ាប់រួម បារ៉ែន និងអេហ្ស៊ីប បានដាក់បម្រាមការទូត ការធ្វើជំនួញ និងការធ្វើដំណើរ លើប្រទេសកាតា នៅក្នុងពាក់កណ្ដាលឆ្នាំ២០១៧។
គួរបញ្ជាក់ថា តាមសេចក្តីរាយការណ៍មួយ ចេញផ្សាយ ដោយទីភ្នាក់ងារសារព័តមាន National Post នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ ប្រទេសអារ៉ាប៊ីសាអូឌីត និងសហភាពអារ៉ាប់រួម ក៏បានប្រកាសរួចរាល់ហើយដែរ នូវការបើកឡើងវិញ នូវការធ្វើដំណើរតាម ដែនអាកាស តាមផ្លូវគោក និងផ្លូវសមុទ្រ ទៅកាន់ប្រទេសកាតា៕
ប្រែសម្រួល៖ប៉ាង កុង