ព័ត៌មានជាតិ

ខែធ្នូ គេហទំព័រហ្វេសប៊ុកសម្ដេច ស ខេង ទទួល មតិយោបល់ និងសំណូមពររបស់មហាជន ១៦៧ករណី

ភ្នំពេញ ៖ គេហទំព័រប៊ុករបស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ កាលពីខែធ្នូ ឆ្នាំ២០២០ បានទទួលមតិយោបល់ និងសំណូមពររបស់មហាជនដែលបានខមមិន និងផ្ញើសារ ចំនួន១៦៧ករណី ដោយបានដោះស្រាយ និងឆ្លើយតបទៅម្ចាស់គណនីចំនួន៦៧ករណី។

យោងតាមលិខិតរបស់ ក្រសួងមហាផ្ទៃ នាពេលថ្មីៗនេះ បានឲ្យដឹងថា ករណីចំនួន២៨០ទៀត គឺអង្គភាពពាក់ព័ន្ធចំណុះឲ្យក្រសួងមហាផ្ទៃ បាននឹងកំពុងដោះស្រាយ។

តាមរយៈបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុករបស់ សម្ដេចក្រឡាហោម ស ខេង កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២១ បានឲ្យដឹងថា «ខ្ញុំសូមសម្ដែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហការប្រកបដោយការទទួលខុសត្រូវខ្ពស់របស់ថ្នាក់ដឹកនាំ និងមន្ត្រីនៃអង្គភាពចំណុះក្រសួងមហាផ្ទៃ ព្រមទាំងស្ថាប័នពាក់ព័ន្ធទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ក្នុងការឆ្លើយតបចំពោះមតិយោបល់ កង្វល់ និងសំណូមពរនានារបស់មហាជន ជាមួយក្រុមការងារទំព័រហ្វេសប៊ុករបស់ខ្ញុំ»។

ជាមួយគ្នានេះ សម្ដេច ក៏បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋទាំងអស់ ដែលបានផ្ដល់ជាព័ត៌មាន លើកជាមតិយោបល់ និងសំណូមពរ តាមរយៈទំព័រហ្វេសប៊ុករបស់សម្ដេច ដែលនេះបានបង្ហាញពីការចូលរួម និងលើកតម្កើងសិទ្ធិសេរីភាពក្នុងការសម្តែងមតិ និងការដោះស្រាយបញ្ហារបស់ប្រជាពលរដ្ឋ សមស្របតាមគន្លងលទ្ធិប្រជាធិបតេយ្យ ដើម្បីអភិវឌ្ឍន៍សង្គមជាតិ៕

To Top