ព័ត៌មានជាតិ

រដ្ឋមន្ត្រីក្រសួងរ៉ែ ព្រមានលុបអាជ្ញាប័ណ្ណ ក្រុមហ៊ុនរុករករ៉ែមាស ដែលពុំធ្វើសកម្មភាព១០ឆ្នាំ

ភ្នំពេញ ៖ លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពលនៅថ្ងៃ១២ មករា បានធ្វើការព្រមាន ដល់ក្រុមហ៊ុនធ្វើរ៉ែមាស រុង ឈិន ដោយលុបអាជ្ញាប័ណ្ណ នឹងដាក់ដេញថ្លៃ បន្តឲ្យក្រុមហ៊ុនថ្មីចូលធ្វើជំនួស ត្រឹមដំណាច់ឆ្នាំ២០២១ បើនៅបន្តមិនធ្វើសកម្មភាព ប្រតិបត្តិការចម្រាញ់រ៉ែមាស ក្រោយទទួលបានអាជ្ញាប័ណ្ណជាច្រើនឆ្នាំ។ នេះបើតាមហ្វេសប៊ុកលោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន។

ក្រុមហ៊ុននេះស្ថិតនៅខេត្តមណ្ឌលគិរី។ រដ្ឋមន្ត្រីបានព្រមានបែបនេះ ក្រោយក្រសួង រ៉ែនឹងថាមពល បានសម្រេចអនុញ្ញាត ផ្ដល់អាជ្ញាប័ណ្ណ ធ្វើអាជីវកម្ម រ៉ែមាស ដល់ក្រុមហ៊ុនអស់រយៈពេល១០ឆ្នាំទៅហើយ ប៉ុន្តែ ក្រុមហ៊ុននៅតែមិនមានដំណើរការ អាជីវកម្មរ៉ែមាស ដូច្នេះ បើនៅតែបន្ត អាជ្ញាប័ណ្ណ នាំតែខាតពេល។

នៅក្នុងកិច្ចប្រជុំនាថ្ងៃដដែលនោះ លោក ស៊ុយ សែម បានសម្រេចបន្តអាជ្ញាប័ណ្ណ ឲ្យក្រុមហ៊ុនម្តងទៀតប៉ុន្តែ ត្រូវមានលក្ខខណ្ឌ ធ្វើប្រតិបត្តិការអាជីវកម្ម ដោយចាប់ផ្ដើម ពីពេលនេះតទៅ បើនៅក្នុងអំឡុងចុងឆ្នាំ ២០២១ មិនមានការផលិតមាស តាមការគ្រោងទុក នឹងដកយកអាជ្ញាប័ណ្ណមកវិញ ។

តំណាងក្រុមហ៊ុន រុង ឈិន បានលើកឡើងថា ក្រុមហ៊ុនរបស់ខ្លួន គឺបានសាងទីតាំងក្រុមហ៊ុននេះ បន្ទាប់ពីក្រុមហ៊ុនចាស់ ដែលជាម្ចាស់អាជ្ញាប័ណ្ណ ដូច្នេះទើបធ្វើឲ្យសង្វាក់ផលិតកម្ម មានភាពរអាក់រអួល ។

ជាងនេះទៀត ក្រោយពីក្រុមហ៊ុន ទទួលការងារបន្តពីម្ចាស់ដើមអាជ្ញាប័ណ្ណ នៅសល់រយៈពេលខ្លី ហើយត្រូវជួបប្រទះ បញ្ហា covid 19 បណ្ដាលឲ្យក្រុមអ្នកជំនាញ នៅឯប្រទេសចិន មិនអាចធ្វើដំណើរ មកបំពេញការងារបាន ។

ជុំវិញការលើកឡើងនេះ លោក ស៊ុយ សែម បាន ផ្តល់ដំណោះស្រាយ ឲ្យក្រុមហ៊ុន មានភាពងាយស្រួល ក្នុងការយកអ្នកបច្ចេកទេសពីចិន មកបំពេញការងារ និងសម្រេចបន្ត សុពលភាព អាជ្ញាប័ណ្ណ ដើម្បីឲ្យក្រុមហ៊ុនអាចសាកល្បង អាជីវកម្មរបស់ខ្លួនបាន៕

To Top