បរទេស៖ ប្រធានាធិបតីជិតផុតអាណត្តិលោក ដូណាល់ ត្រាំ បានប្រឈមមុខនឹងប្រតិកម្មយ៉ាងខ្លាំង ចាប់តាំងពីមានកុបកម្មដ៏សាហាវដែលរៀបចំឡើងដោយអ្នកគាំទ្ររបស់លោកនៅឯវិមានកាពីតូលសហរដ្ឋអាមេរិក កាលពីសប្តាហ៍មុន។
យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១ បានឱ្យដឹងថា ធនាគារ Deutsche ត្រូវបានគេរាយការណ៍ថា បានក្លាយជាអង្គភាពថ្មីបំផុតក្នុងការកាត់ផ្តាច់ទំនាក់ទំនងជាមួយអ្នកសាធារណរដ្ឋ។ លោក Eric Trump កូនប្រុសលោក ត្រាំបាននិយាយថា ឪពុករបស់លោកគឺជាជនរងគ្រោះនៃវប្បធម៌លុបបំបាត់ បន្ទាប់ពីអង្គការជាច្រើនបានឈប់ធ្វើជំនួញជាមួយប្រធានាធិបតី បន្ទាប់ពីមានការតវ៉ាដ៏សាហាវនៅឯវិមានកាពីតូលសហរដ្ឋអាមេរិកកាលពីសប្តាហ៍មុន។
បុរសវ័យ ៣៧ ឆ្នាំរូបនេះដែលបានគ្រប់គ្រងអង្គការ Trump រួមជាមួយបងប្រុសរបស់គាត់ គឺលោក Donald Trump Jr. បានធ្វើសេចក្តីថ្លែងការណ៍នេះនៅក្នុងបទសម្ភាសន៍ជាមួយសមាគមសារព័ត៌មាន។ លោកថា “យើងរស់នៅក្នុងយុគសម័យនៃវប្បធម៌លុបបំបាត់ ប៉ុន្តែនេះមិនមែនជាអ្វីដែលបានចាប់ផ្តើមនៅសប្តាហ៍នេះទេ។ វាជាអ្វីដែលពួកគេបានធ្វើចំពោះយើងនិងអ្នកដទៃទៀតអស់រយៈពេលជាច្រើនឆ្នាំ។ ប្រសិនបើអ្នកមិនយល់ស្របនឹងពួកគេប្រសិនបើពួកគេមិនចូលចិត្តអ្នក ពួកគេព្យាយាមនិងបោះបង់អ្នកចោល” នេះបើតាមសម្តីរបស់លោក Eric Trump ៕ប្រែសម្រួលៈ ណៃ តុលា