ព័ត៌មានជាតិ

សូមមានការប្រុងប្រយ័ត្ន ជាមួយនឹងសារ ដែលបន្លំធ្វើជាសារមកពីធនាគារកាណាឌីយ៉ា

ភ្នំពេញ៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ទើបតែបានរកឃើញ មានអ្នកប្រើប្រាស់មួយចំនួន បានទទួលសារ ជាភាសាអង់គ្លេស ដែលបន្លំធ្វើជាសារមកពីធនាគារកាណាឌីយ៉ា ដោយអះអាងថា គណនីធនាគាររបស់លោកអ្នក ត្រូវបានចូលប្រើជាមួយឧបករណ៍ផ្សេងទៀត ហើយថែមទាំងផ្ដល់នូវតំណភ្ជាប់ ដើម្បីឱ្យពួកគេបញ្ជាក់ អំពីអត្តសញ្ញាណ (Your Canadia bank account has been logged in through another platform, please verify again to protect your rights. www.canadias.com)។

នៅពេលដែលអ្នកប្រើប្រាស់ ចូលទៅគេហទំព័រតាមតំណភ្ជាប់នោះ វានឹងទាមទារឱ្យបំពេញព័ត៌មានលម្អិត មានដូចជា ឈ្មោះ ថ្ងៃខែឆ្នាំកំណើត លេខអត្តសញ្ញាណបណ្ណ លេខទូរសព្ទ ឈ្មោះសម្រាប់ចូលទៅក្នុងគណនី និងលេខសម្ងាត់ផងដែរ។

តាមការស្រាវជ្រាវ របស់នាយកដ្ឋានបានរកឃើញថា នេះគឺជាគេហទំព័រក្លែងក្លាយ ដែលជនខិលខូចបង្កើតឡើង ដើម្បីបោកបញ្ឆោតយកព័ត៌មាន ដែលអាចឱ្យពួកគេចូលទៅក្នុងគណនីធនាគារ ក្នុងគោលបំណងលួចយកប្រាក់កាស របស់លោកអ្នកតែប៉ុណ្ណោះ។

នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា សូមធ្វើការណែនាំ ដល់អ្នកប្រើប្រាស់ទាំងអស់ ឱ្យមានការប្រុងប្រយ័ត្ន នៅពេលដែលទទួលបានសារណាមួយ ដែលទាមទារឱ្យផ្ដល់ព័ត៌មានផ្ទាល់ខ្លួន ព្រោះនេះគឺជាល្បិចដែលជនខិលខូចប្រើ ដើម្បីលួចយកព័ត៌មាន របស់លោកអ្នកតែប៉ុណ្ណោះ ហើយវិធីដែលល្អបំផុតនោះ គឺលោកអ្នកគួរតែធ្វើការទំនាក់ទំនង ទៅក្រុមហ៊ុនផ្ទាល់ ដើម្បីទទួលបានព័ត៌មានបន្ថែម៕

To Top