ព័ត៌មានអន្តរជាតិ

កូរ៉េខាងជើង អាចនឹងធ្វើព្យុហយាត្រាយោធា មុនពេលលោក ចូ បៃឌិន ស្បថចូលកាន់តំណែង

សេអ៊ូល៖ ទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ របស់ប្រទេសកូរ៉េខាងត្បូង បានផ្សាយដោយដកស្រង់ ប្រភពពីរដ្ឋាភិបាលថា ប្រទេសកូរ៉េខាងជើង ប្រហែលជាបានធ្វើព្យុហយាត្រា យោធាមួយ នៅក្នុងទីក្រុងព្យុងយ៉ាង នៅថ្ងៃព្រហស្បតិ៍ បន្ទាប់ពីសមាជលើកដំបូងរបស់គណបក្សពលករ កំពុងកាន់អំណាចក្នុងរយៈពេលជិត ៥ ឆ្នាំ។

យោងតាមសារព័ត៌មាន Kyodo News ចេញផ្សាយនៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១ បានឱ្យដឹងថា ប្រសិនបើវាពិតជាត្រូវបានអនុវត្តនោះក្បួនដង្ហែ យោធារបស់កូរ៉េខាងជើង នឹងត្រូវបានធ្វើឡើងជាលើកដំបូង ចាប់តាំងពីខែតុលាឆ្នាំមុន នៅពេលដែលប្រទេសនេះ បានប្រារព្ធខួបលើកទី ៧៥ នៃការបង្កើតគណបក្ស។

សេចក្តីរាយការណ៍អំពីការដង្ហែក្បួនយោធា អាចនឹងធ្វើឡើងមុនពិធីស្បថ ចូលកាន់តំណែង របស់ប្រធានាធិបតីជាប់ឆ្នោតលោក ចូ បៃឌិន ដែលរដ្ឋបាលរបស់អាមេរិក នឹងកំណត់ពីដំណើរ នៃការចរចានាពេលអនាគត ស្តីពីការរំសាយអាវុធនុយក្លេអ៊ែររវាងប្រទេសទាំងពីរ។

ក្បួនដង្ហែរយោធានឹងចាប់ផ្តើម នៅម៉ោងប្រហែល ៦ ល្ងាច នៅថ្ងៃព្រហស្បតិ៍នៅទីក្រុងព្យុងយ៉ាង នេះបើតាមយ៉ុនហាប បានដកស្រង់ប្រភពដែលនិយាយ។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់កូរ៉េខាងជើង មិនទាន់បានរាយការណ៍ថា តើការដើរព្យុហយាត្រាយោធាត្រូវបានធ្វើឡើងនោះទេ៕

ប្រែសម្រួលៈ ណៃ តុលា

To Top