បរទេស៖ ក្រសួងការបរទេសចិន បាននិយាយនៅថ្ងៃសុក្រនេះ ប្រទេសចិនប្រឆាំងដាច់ខាត ចំពោះទណ្ឌកម្មថ្មីថ្មីដែល សហរដ្ឋអាមេរិកដាក់លើក្រុមហ៊ុនចិន ក្រោយរដ្ឋបាលលោក ត្រាំ បានបន្ថែមក្រុមហ៊ុនចិនចំនួន៩ ចូលទៅក្នុងបញ្ជីក្រុមហ៊ុន ពាក់ព័ន្ធយោធាចិនរបស់មន្ទីរបញ្ចកោណ។
យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Yahoo News នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១ បានឲ្យដឹងថា មន្ត្រីនាំពាក្យក្រសួងការបរទេសចិន លោក Zhao Lijian បានធ្វើការថ្លែងយ៉ាងដូច្នោះ នៅក្នុងសន្និសីទកាសែតមួយក្នុងទីក្រុងប៉េកាំង។
គួរបញ្ជាក់ថា នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ ក្រសួងពាណិជ្ជកម្ម និងក្រសួងការពារជាតិអាមេរិក បានធ្វើការប្រកាសផ្សេងគ្នា នូវវិធានការផ្តោតគោលដៅលើ សាធារណរដ្ឋប្រជាមានិតចិន ហើយនោះជាសកម្មភាពមួយ ដែលគេរំពឹងថា នឹងធ្វើឲ្យធ្លាក់ចុះកាន់តែខ្លាំងនូវចំណងមិត្តភាព ដែលកំពុងធ្លាក់ដុនដាប់ស្រាប់ហើយ រវាងទីក្រុងវ៉ាស៊ីនតោននិងទីក្រុងប៉េកាំង ក្នុងពេលប៉ុន្មានថ្ងៃមុនរដ្ឋបាលលោក ចូ បៃដិន ឡើងកាន់អំណាច៕
ប្រែសម្រួល៖ ប៉ាង កុង