ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានធ្វើការណែនាំឲ្យ កងកម្លាំងសម ត្ថកិច្ចពាក់ព័ន្ធគ្រប់ជាន់ថ្នាក់ ពិសេស ស្នងការដ្ឋាន នគរបាលរាជធានី-ខេត្ត ត្រូវចាត់វិធានការបន្ទាន់ ដល់កម្លាំងមានសមត្ថកិច្ចក្រោមឱវាទទាំងអស់ ត្រូវចុះត្រួតពិនិត្យ និងលុបបំបាត់យានយន្ដ កែច្នៃបំពង់ស៊ីម៉ាំង ឬដោះបំពង់ស៊ីម៉ាំង ។
យោងតាមសេចក្ដីណែនាំ របស់ក្រសួងមហាផ្ទៃ កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១ សម្ដេច ស ខេង បានបញ្ជាក់ ថា គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី-ខេត្ត ក្រុង ស្រុក ខណ្ឌ ដែលមានស្នងការដ្ឋាន នរបាលរាជធានី-ខេត្ត អធិការ ដ្ឋាននគរបាល ក្រុង ស្រុក ខណ្ឌ ជាសេនាធិការ ត្រូវចុះត្រួតពិនិត្យ និងធ្វើការអប់រំណែនាំដល់ម្ចាស់ទីតាំងកែច្នៃយានយ ន្ដឲ្យបញ្ឈប់រាល់កែច្នៃ យានយន្ដខុសបច្ចេកទេស ។ ក្នុងករណីបន្ដលបលួចកែច្នៃ ត្រូវចាត់វិធានការដ្ឋបាល និងវិធានការ ច្បាប់ឲ្យបានម៉ឺងម៉ាត់។
សម្ដេច បញ្ជាក់យ៉ាងដូច្នេះថា «កងកម្លាំងមានសមត្ថកិច្ចពាក់ព័ន្ធគ្រប់ថ្នាក់ ពិសេស ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត ត្រូវចាត់វិធានការ បន្ទាន់ ណែនាំដល់កម្លាំង ដែលមានសមត្ថកិច្ចក្រោមឱវាទទាំងអស់ ធ្វើការត្រួតពិនិត្យ និងលុបបំ បាត់ឲ្យបានរាល់ការប្រើប្រាស់ យានយន្ដកែច្នៃ បំពងស៊ីម៉ាំង ឬដោះបំពង់ស៊ីម៉ាំង និងណែនាំដល់ អ្នកបញ្ជាយានយន្ដបង្ក សម្លេងរំខានដល់ប្រជាពលរដ្ឋ» ។
ជាងនេះទៅទៀត សម្ដេច ស ខេង ក៏បានបញ្ជាទៅដល់ ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត ត្រូវណែនាំកម្លាំងមានសមត្ថកិច្ច ត្រូវបំពេញតាមតួនាទី ភារកិច្ចរបស់ខ្លួនឲ្យបានម៉ឺងម៉ាត់ ហ្មត់ចត់ប្រកប ដោយក្រមសីលធម៌វិជ្ជាជីវៈ និងគ្មានការលើកលែង៕