ព័ត៌មានជាតិ

សម្ដេច ស ខេង អញ្ជើញប្រកាស ដាក់ឲ្យប្រើប្រាស់ផែនការសកម្មភាពជាតិ ស្ដីពី ការទប់ស្កាត់អំពើហិង្សាលើស្ដ្រី

ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃអង្គារ ទី១៩ ខែមករា ឆ្នាំ២០២១នេះ បានអញ្ជើញប្រកាសផ្សព្វផ្សាយ ដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ផែនការសកម្មភាពជាតិ ស្ដីពី ការទប់ស្កាត់អំពើហិង្សាលើស្ដ្រី ២០១៩-២០២៣ ដែលកម្មវិធីនេះធ្វើឡើង នៅសណ្ឋាគារ សូហ្វីតែល ភ្នំពេញ ភូគីត្រា។

សូមជម្រាបថា យោងតាមខ្លឹមសារ ផែនការសកម្មភាពជាតិស្ដីពី ការទប់ស្កាត់អំពើហិង្សាលើស្ដ្រី ២០១៩-២០២៣ បានឲ្យដឹងថា អំពើហិង្សាលើស្ដ្រី ដែលកើតមានជាញឹកញាប់នោះ គឺអំពើហិង្សាក្នុងគ្រួសារ/អំពើហិង្សា ពីដៃគូស្និទ្ធស្នាល ហើយបញ្ហានេះ រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងផ្ដោចការយកចិត្តទុកដាក់ ក្នុងការដោះស្រាយ។

បើតាមការសិក្សាបានបង្ហា ថា ៖ ស្ដ្រី១នាក់ក្នុងចំណោម៥នាក់ ដែលមានអាយុពី១៥-៤៩ឆ្នាំ បានរាយការណ៍ថា ធ្លាប់រងគ្រោះដោយអំពើហិង្សាលើ រាងកាយយ៉ាងហោចណាស់ម្ដង ចាប់តាំងពីគាត់មានអាយុ១៥ឆ្នាំ ហើយ៩% បានទទួលរងអំពើហិង្សាលើរាងកាយ ក្នុងរយៈពេល១២ខែចុងក្រោយ មុនការធ្វើអង្កេត ស្ដ្រីធ្លាប់រៀបការ ដែលមានអាយុពី១៥-៤៩ឆ្នាំ ចំនួន១៨% បានរាយការណ៍ថា ធ្លាប់ទទួលរងគ្រោះ ដោយអំពើហិង្សាលើរាងកាយ ឬផ្លូវភេទ។

ជាងនេះទៅទៀត ក្នុងចំណោមស្ដ្រីគ្រោះ៥នាក់ មានស្ដ្រីប្រហែល២នាក់បានសុំជំនួយ ដើម្បីបញ្ឈប់អំពើហិង្សា ដែលពួកគេបានរងគ្រោះ ប៉ុន្ដែមានតែ២៤% ប៉ុណ្ណោះ ដែលបានស្វែងរកជំនួយពីសេវាផ្លូវការ៕

To Top