ភ្នំពេញ ៖ លោក Wang Wentian ឯកអគ្គរដ្ឋទូតចិន ប្រចាំនៅកម្ពុជា បានឲ្យដឹងថា ប្រទេសចិន នឹងបន្តគាំទ្រទាំង សម្ភារ ថវិកា និងការបណ្តុះបណ្តាល ធនធានមនុស្សដល់អាជ្ញាធរមីន ដើម្បីឲ្យកម្ពុជា អាចសម្រេចនូវគោលដៅរបស់ខ្លួន គ្មានមីនឆ្នាំ២០២៥ ខាងមុខនេះ ។ នេះបើយោងតាមគេហទំព័រហ្វេសប៊ុក របស់ លោក លី ធុជ ទេសរដ្ឋមន្រ្តី និងជាអនុប្រធាន ទី១ អាជ្ញាធរមីន។
ក្នុងពិធីប្រគល់-ទទួល នូវសម្ភារជាជំនួយឥតសំណង របស់រដ្ឋាភិបាល និងប្រជាជនចិន ជូនចំពោះរាជរដ្ឋាភិបាលកម្ពុជា តាមរយៈអាជ្ញាធរមីន ដែលមានទឹកប្រាក់ ប្រមាណ១លានដុល្លារ នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១ លោក Wang Wentian មានប្រសាសន៍ថា «ប្រទេសចិន មានសេចក្តីសប្បាយរីករាយ និងពេញចិត្តក្នុងការចូលរួមជាមួយ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈអាជ្ញាធរមីន គាំទ្រដល់វិស័យបោសសម្អាតមីន មនុស្សធម៌នៅកម្ពុជា ហើយប្រទេសចិន នឹងបន្តគាំទ្រទាំងសម្ភារ ថវិកា និងការបណ្តុះបណ្តាលធនធានមនុស្សដល់អាជ្ញាធរមីន ដើម្បីឲ្យកម្ពុជាអាចសម្រេច នូវគោលដៅ របស់ខ្លួនគ្មានមីនឆ្នាំ២០២៥»។
លោកក៏បានចាត់ទុកការងារ បោសសម្អាតមីន ពិតជាមានសារៈសំខាន់ណាស់ សម្រាប់គាំទ្រដល់ការអភិវឌ្ឍ និងជួយសង្រ្គោះជីវិតមនុស្ស ហើយលោកនឹងជួយជំរុញ ដល់រដ្ឋាភិបាលប្រទេសចិន ឲ្យបន្តការគាំទ្រ និងពិចារណារាល់សំណើសុំ របស់អាជ្ញាធរមីន។
នាឱកាសនោះដែរ លោក លី ធុជ ក៏បានថ្លែងអំណរគុណ ចំពោះរដ្ឋាភិបាល និងប្រជាជនចិន ដែលជានិច្ចកាលតែង តែយកចិត្តទុកដាក់ និងគាំទ្រជួយដល់ការអភិវឌ្ឍ នៅកម្ពុជាគ្រប់កាលៈទេសៈ ក្នុងនោះរួមមានទាំងការផ្តល់ជំនួយ ឥតសំណងដ៏ថ្លៃថ្លា សម្រាប់វិស័យសកម្មភាពមីន មនុស្សធម៌ ទាំងសម្ភារបច្ចេកទេស ហិរញ្ញវត្ថុ និងបណ្តុះបណ្តាលធនធានមនុស្ស ក្រោមការខិតខំប្រឹងប្រែង ឯកអគ្គរដ្ឋទូតចិន ប្រចាំនៅកម្ពុជា ។
លោកបន្ដថា ការរួមចំណែកជាជំនួយមនុស្សធម៌ វិស័យសកម្មភាពមីន ពីមិត្តចិនជាបន្តបន្ទាប់ រាជរដ្ឋាភិបាលកម្ពុជា មានជំនឿ យ៉ាងមុតមាំថា កម្ពុជា នឹងទទួលបានជោគជ័យ ក្នុងការអនុវត្តនូវផែនការយុទ្ធសាស្រ្តជាតិសកម្មភាពមីន ២០១៨-២០២៥ គឺឆ្ពោះទៅរកកម្ពុជាមួយ ដែលគ្មានមីនឆ្នាំ២០២៥ ជាពិសេស ចូលរួមដល់ការជួយសង្រ្គោះ ជីវិតមនុស្ស ការចូលរួមកាត់បន្ថយភាពក្រីក្រ និងការកសាងជីវភាព រស់នៅរបស់ប្រជាពលរដ្ឋឲ្យកាន់តែប្រសើរឡើង។
សូមរំលឹកថា ចិនផ្ដល់ជំនួយ ឥតសំណងនាពេលនេះ គិតជាប្រាក់ប្រមាណ ១លានដុល្លារ រួមមាន៖ រថយន្ត Pick Up ចំនួន៨ គ្រឿង ,ឧបករណ៍រាវមីន ចំនួន១៣០គ្រឿង ,ប្រអប់សម្ភារចំនួន ១០០ ឈុត ,ប្រអប់សម្ភារបំផ្ទុះគ្រាប់ (EOD) ចំនួន ២០ ឈុត ,សម្លៀកបំពាក់ការពារចំនួន ១០ កំផ្លេ ,មួកការពារចំនួន ១០ ,ដ្រូន (UAV) ចំនួន ០៤ គ្រឿង ,ឯកសណ្ឋាន ស្បែកជើង និងមួក ចំនួន ៥០០ កំផ្លេ និង៩/.តង់ចំនួន ៥០០ តង់។
សូមបញ្ជាក់ថា គិតត្រឹមឆ្នាំ២០២០ កម្ពុជាបានបោសសម្អាតផ្ទៃដី ចំនួន២,១៣៨ គីឡូម៉ែត្រក្រឡា បានបំផ្លាញចោលគ្រាប់មីន ប្រឆាំងមនុស្ស ១,០៩៥,៧៥០គ្រាប់ មីនប្រឆាំងរថក្រោះ ២៥,៤៨៨គ្រាប់ និងសំណល់ជាតិផ្ទុះ ពីសង្រ្គាមរាប់បញ្ចូលទាំងគ្រាប់បែក ចង្កោម ២,៨៨៥,២៩៤ គ្រាប់ ដោយមានអ្នកទទួលផល ៦,៣៥៧,៨៥៣នាក់។ ទោះបីជាមានការខិតខំ ប្រឹងប្រែងយ៉ាងណាក៏ដោយ ប្រទេសកម្ពុជា នៅតែមានបញ្ហាប្រឈម ដ៏ធំធេងលើផ្ទៃដី២,១៥២ គីឡូម៉ែត្រក្រឡា ដែលក្នុងនោះ ៨៣៥ គីឡូម៉ែត្រក្រឡា រងផលប៉ះពាល់ដោយគ្រាប់មីន ៕