ព័ត៌មានជាតិ

អាជ្ញាធរខណ្ឌដូនពេញ ឃាត់ខ្លួនអ្នកបន្ទោបង់ តាមទីសាធារណៈ១៣នាក់ យកមកអប់រំណែនាំ

ភ្នំពេញ៖ អាជ្ញាធរខណ្ឌដូនពេញ បានឃាត់ខ្លួនក្រុមម៉ូតូឌុប និងម៉ូតូកង់៣ ចំនួន ១៣នាក់ ដែលបានឈប់យាន្តជំនះរបស់ខ្លួន ហើយទៅបន្ទោបង់នៅតាមដើមឈើ តាមសួនច្បារ តាមទីសាធារណៈនានា យកមកអប់រំណែនាំ ។

ក្នុងនោះក៏ឲ្យពួកគេបាញ់លាងសំអាត កន្លែងដែលបន្ទោបង់រួច ទើបអនុញ្ញាតឲ្យត្រឡប់ទៅវិញ ។ នេះបើយោងតាមរដ្ឋបាលខណ្ឌដូនពេញ ។

ប្រតិបត្តិការនេះធ្វើឡើង បន្ទាប់ពីលោក សុខ ពេញវុធ អភិបាល នៃគណៈ អភិបាលខណ្ឌដូនពេញ នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១ បានចាត់ឲ្យកម្លាំងប្រជាការពារខណ្ឌដូនពេញ បន្តចុះធ្វើសណ្ដាប់ធ្នាប់ ក្នុងមូលដ្ឋាន ក៏បានជួបក្រុមម៉ូតូឌុប និងម៉ូតូកង់៣ ចំនួន ១៣នាក់ បានឈប់យាន្តជំនះ របស់ខ្លួន ហើយទៅបន្ទោបង់ ។

ចំណុចធ្វើឲ្យបាត់បង់សណ្តាប់ធ្នាប់ របៀបរៀបរយ និង បង្ករឲ្យមានក្លិនឆ្អេះឆ្អាប ដល់អ្នកធ្វើដំណើរ។ ភ្លាមៗនោះ កម្លាំងក៏បានអញ្ជើញ ពួកគាត់មកធ្វើការអប់រំណែនាំ នៅសាលាខណ្ឌដូនពេញ និងបានឲ្យពួកគាត់ ធ្វើការបាញ់លាងសំអាត កន្លែងដែលពួកគាត់បន្ទោបង់រួចទើប អនុញ្ញាតអោយពួកគាត់ត្រឡប់ទៅវិញ ។

ជាមួយគ្នានោះរដ្ឋបាលខណ្ឌ ក៏បានសំណូមពរដល់ ប្រជាពលរដ្ឋទាំងអស់ កុំយកគំរូតាមពួកគាត់ និងរកកន្លែង បន្ទោបង់អោយបានត្រឹមត្រូវ នៅបន្ទប់ទឹកសាធារណៈ ឬឯកជន ដែលនៅជិតលោកអ្នក ជៀសវាងធ្វើតាមពួកគាត់ បង្កភាពអនាធិបតេយ្យ បាត់សណ្តាប់ធ្នាប់ អនាម័យ និងប៉ះពាល់ ដល់សុខភាពសាធារណៈជនផងដែរ ៕

To Top