បរទេស៖ ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជេអ៊ីន តាមសេចក្តីរាយការណ៍ បានជួបគ្នាជាមួយឯកអគ្គរដ្ឋទូត សហរដ្ឋអាមេរិក លោក Harry Harris និងបានជូនប្រេសិតការទូតជាន់ខ្ពស់ របស់រដ្ឋបាលលោក ត្រាំ រូបនោះ នូវកាដូស្រាក្រអូប Andong soju។
យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២១នេះ បានឲ្យដឹងថា ការជួបសំណះសំណាល់គ្នានេះ គឺត្រូវបានធ្វើឡើងស្របពេល ដែលកូរ៉េខាងជើង កំពុងតែវិលត្រឡប់ទៅផ្តោតលើ ការអភិវឌ្ឍអាវុធនុយក្លេអ៊ែវិញ ក្រោយសមាជបក្សលើកទី៨ នៅដើមខែនេះ។
វិមានខៀវប្រធានាធិបតីកូរ៉េខាងត្បូង បាននិយាយថា ភាគីទាំងពីរបានជួបគ្នានៅមុនពេលលោក Harris ចាកចេញក្នុងសប្ដាហ៍នេះ និងថា លោក មូន ជេអ៊ីន បានថ្លែងអំណរគុណចំពោះលោក Harris សម្រាប់ការងាររបស់លោក ដោយនិយាយថាអាណត្តិ ជាឯកអគ្គរដ្ឋទូតរយៈពេល ពីរឆ្នាំកន្លះកន្លងមកនេះ គឺជាពេលវេលាមានការអភិវឌ្ឍប្រសើរឡើងខ្លាំង ៕
ប្រែសម្រួល៖ ប៉ាង កុង