ព័ត៌មានជាតិ

តម្លៃប្រេងនៅកម្ពុជា បន្ដប្រែប្រួល តាមទីផ្សារអន្ដរជាតិ ទោះបីមាន តំណក់ប្រេង ដំបូងខ្លួនឯងក៏ដោយ

ភ្នំពេញ ៖ ក្រសួងរ៉ែ និងថាមពល បានឲ្យដឹងថា ទោះបីជាកម្ពុជាបូមប្រេងខ្លួនឯងក៏ដោយ កម្ពុជានៅតែទិញប្រេងឥន្ធនៈ ពីប្រទេសដទៃ ដូច្នេះ តម្លៃប្រេងនៅកម្ពុជាបន្តប្រែប្រួល តាមតម្លៃប្រេងលើទីផ្សារអន្តរជាតិ។

ក្រសួងរ៉ែ បានពន្យល់ប្រជាពលរដ្ឋខ្មែរបែបនេះ បន្ទាប់ពីមានប្រជាពលរដ្ឋមួយចំនួនមានរអ៊ូថា «កម្ពុជាបូមប្រេងខ្លួនឯង ហើយហេតុអ្វី បានជាតម្លៃប្រេងនៅកម្ពុជា បន្ដឡើងថ្លៃទៀតក្នុងរយៈពេលប៉ុន្មាននេះ»។

តាមរយៈបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុករបស់ ក្រសួងរ៉ែ និងថាមពល កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២១បានបញ្ជាក់ថា តើការទទួលបានតំណក់ប្រេងដំបូងមានន័យយ៉ាងណាចំពោះកម្ពុជា?

ក្រសួងបន្ដថា តំណក់ប្រេងដំបូងដែលកម្ពុជាទទួលបានពីការបូមប្រេងនៅប្លុកA ក្នុងដែនសមុទ្រកម្ពុជា គឺជាការទទួល បានតំណក់ប្រេងឆៅ។ ប្រេងឆៅទាំងនោះ មិនអាចយកទៅប្រើប្រាស់ភ្លាមៗដោយផ្ទាល់ ដូចជា ការយកទៅចាក់បញ្ចូលយានជំនិះ និងមធ្យោបាយដឹកជញ្ជូនដូចជាម៉ូតូ ឡានបាននោះទេ។ ដើម្បីទទួលបាន ប្រេងឥន្ធនៈ ដូចជា ប្រេងសាំង ប្រេងម៉ាស៊ូត ឧស្ម័នLPGឬហ្គាស គេត្រូវយកប្រេងឆៅទៅចម្រាញ់។

ក្រសួងរ៉ែ បញ្ជាក់យ៉ាងដូច្នេះថា «ដោយហេតុថា កម្ពុជានៅមិនទាន់មានរោងចក្រចម្រាញ់ប្រេងនៅឡើយ ដូច្នេះកម្ពុជាគ្មានជម្រើសក្រៅពីលក់ប្រេងឆៅដែលបូមបានទៅចម្រាញ់នៅប្រទេសផ្សេងឡើយ។ មានន័យថា ទោះបីជាកម្ពុជាបូមប្រេងបានក៏ដោយ ក៏កម្ពុជានៅតែទិញប្រេងឥន្ធនៈពីប្រទេសដទៃដដែល ដូច្នេះតម្លៃប្រេងឥន្ធនៈនៅកម្ពុជា នៅតែបន្តប្រែប្រួលទៅតាមតម្លៃប្រេងឥន្ធនៈ លើទីផ្សារអន្តរជាតិដូចពេលបច្ចុប្បន្នដដែល»។

ក្រសួងបន្ដថា តម្លៃប្រេងឥន្ធនៈក្នុងរយៈពេល១៥ថ្ងៃចុងក្រោយនេះ មានការប្រែប្រួលកើនឡើងបន្តិចបន្តួចនេះ គឺបណ្តាលមកពីការប្រែប្រួលតម្លៃប្រេងលើទីផ្សារអន្តរជាតិ។ ជារួមក្នុងរយៈកាលនេះ តម្លៃប្រេងឥន្ធនៈមានការកើនឡើងជាសាកល ពុំមែនមានតែប្រទេសកម្ពុជាមួយនោះទេដែលមានតម្លៃប្រេងកើនឡើង។

ជាងនេះទៅទៀត ក្រសួងរ៉ែ បញ្ជាក់ថា ដើម្បីផ្តល់យុត្តិធម៌ដល់អ្នកប្រើប្រាស់ប្រេងឥន្ធនៈ និងដើម្បីសម្រួលដល់ជីវភាពរបស់ប្រជាជន ចាប់តាំងពីឆ្នាំ២០១៨ រាជរដ្ឋាភិបាល បានដាក់ចេញរូបមន្តកំណត់ថ្លៃ លក់រាយប្រេងដោយផ្អែកលើការប្រែប្រួលតម្លៃប្រេងនៅលើទីផ្សារអន្តរជាតិរៀងរាល់១៥ថ្ងៃម្តង លើសពីនេះ រាជរដ្ឋាភិបាលបានបញ្ចុះតម្លៃលក់រាយប្រេងឥន្ធនៈនៅកម្ពុជា ចំនួន៤សេនដុល្លារ ក្នុង១លីត្រ៕

To Top