ព័ត៌មានជាតិ

ត្រីប៉ាសេអ៊ី តម្លៃ ៤០ម៉ឺនរៀល ក្នុង១គីឡូក្រាម ជាអត្តសញ្ញាណខេត្តស្ទឹងត្រែង អាចប្រឈមនឹងបាត់បង់ពេលអនាគត

ភ្នំពេញ៖ លោក ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្តស្ទឹងត្រែង បានលើកឡើងថា នាពេលខាងមុខ ត្រីប៉ាសេអ៊ីដែលមានតម្លៃថ្លៃកប់ពពក រហូតដល់ ៤០ម៉ឺនរៀល ក្នុងមួយគីឡូក្រាម និងជាតំណាងឲ្យអត្តសញ្ញាណខេត្តផងនោះ អាចប្រឈមនឹងការបាត់បង់ ។

ក្នុងសន្និសីទសារព័ត៌មានស្ដីពី «វឌ្ឍនភាពមូលដ្ឋានឃុំ សង្កាត់ និងទិសដៅការងារបន្ដខេត្ដស្ទឹងត្រែង» នាព្រឹកថ្ងៃទី២១ មករានេះ លោក ឈាង ឡាក់ បានមានប្រសាសន៍ថា ក្នុងឆ្នាំ២០២០ បរិមាណផលនេសាទពីធម្មជាតិ គឺមានការថយចុះដោយកត្តា នៃការប្រែប្រួលអាកាសធាតុ ។

លោកប្រធានក្រុមប្រឹក្សាខេត្តស្ទឹងត្រែង បញ្ជាក់ថា «ត្រីប៉ាសេអ៊ីនេះ មិនមែនពងកូននៅក្នុងទន្លេ នៃខេត្តស្ទឹងត្រែងទេ គឺវាពងកូននៅឡាវ តាមអ្នកជំនាញជលផលសិក្សាស្រាវជ្រាវ ហើយជាក្ដីកង្វល់មួយរបស់ប្រជាពលរដ្ឋ ខេត្តស្ទឹងត្រែងដែរ គឺទៅមុខទៀតអាចនឹងបាត់បង់ នូវប្រភេទត្រីដែលជា តំណាងអត្តសញ្ញាណរបស់ខេត្ត» ។

លោកបន្តថា ឆ្នាំ២០២០ បរិមាណផលត្រីប៉ាសេអ៊ី មានការធ្លាក់ចុះ បើប្រៀបធៀបជាមួយឆ្នាំ២០១៩ ហើយចំពោះតម្លៃវិញគឺថ្លៃណាស់ ចាប់ពី១គីឡូក្រាមឡើងទៅមានតម្លៃ ៤០ម៉ឺនរៀល ។ លោកថា បើទិញ ២គីឡូក្រាម គឺមានតម្លៃសឹងតែស្មើតម្លៃគោមួយទៅហើយ ។

ពាក់ព័ន្ធនឹងវិធានការទប់ស្កាត់កុំឲ្យប្រភេទត្រីបាត់បង់ ត្រូវបានលោក ឈាង ឡាក់ គូសបញ្ជាក់ថា ទោះបីមានអ្នកឯកទេសមកពីប្រទេសវៀតណាម មកធ្វើពិសោធដោយការចិញ្ចឹម ក៏ដោយ ក៏នៅតែមិនបាន ព្រោះប្រភេទត្រីនេះ ធនក្នុងការរស់នៅតាមបែបលក្ខណៈ ធម្មជាតិរបស់វាតែប៉ុណ្ណោះ ៕

To Top