ព័ត៌មានជាតិ

សម្ដេចតេជោ ប្រកាសថា វ៉ាក់សាំងកូវីដ១៩ របស់ចិន មកដល់កម្ពុជា នៅខែកុម្ភៈ ហើយសម្ដេច នឹងចាក់មុនគេបង្អស់

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានប្រកាសថា នៅខែកុម្ភៈ ឆ្នាំ២០២១ ខាងមុខនេះ វ៉ាក់ សាំងស៊ីណូហ្វាម ដែលប្រឆាំងជាមួយជំងឺកូវីដ-១៩របស់ចិន នឹងមកដល់ប្រទេសកម្ពុជា ហើយសម្ដេច ជាអ្នកចាក់មុនគេបង្អស់ ដើម្បីបង្ហាញគុណភាពវ៉ាក់សាំង ជូនប្រជាជនខ្មែរទូទាំងប្រទេស។

ក្នុងពិធីសម្ពោធសមិទ្ធផលថ្មីរបស់ ក្រសួងសាធារណការ និងដឹកជញ្ជូន រួមមានអគារទីស្តីការថ្មី និងវិទ្យាស្ថាន «តេជោ សែន សាធារណការ និងដឹកជញ្ជូន» នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២១ សម្ដេចតេជោ ហ៊ុន សែន បានឲ្យដឹងថា សម្ដេចបានជួបពិភាក្សាជាមួយ ស្ថានទូតចិនប្រចាំកម្ពុជា ពីលទ្ធភាពរបស់ចិន ក្នុងការផ្ដល់វ៉ាក់សាំងជំងឺកូវីដ-១៩ មកកម្ពុជា។

សម្ដចតេជោ បន្ដថា ថៃប្រើប្រាស់វ៉ាក់សាំង ស៊ីណូហ្វាមរបស់ចិន ជាង១លានដូស ហើយថៃ នឹងទិញវ៉ាក់សាំងរបស់ចិនប ន្ថែមទៀត ជាង៩លានដូស។
សម្ដេចថា ប្រធានាធិបតីរបស់ឥណ្ឌូនេស៊ី បានប្រើប្រាស់វ៉ាក់សាំងរបស់ចិន មុខប្រជាជន របស់ខ្លួន។

សម្ដេចតេជោ មានប្រសាសន៍ថា «វ៉ាក់សាំង ស៊ីណូហ្វាម នឹងមកដល់ប្រទេសកម្ពុជា លើកដំបូងនៅខែកុម្ភៈនេះ ហើយខ្ញុំ សូមប្រកាសថា នៅពេលវ៉ាក់សាំង មកដល់ព្រលាន យន្ដហោះពោធិ៍ចិនតុង ខ្ញុំនឹងចេញទៅទទួលខ្លួនឯង នូវវ៉ាក់សាំង នេះ»។

សម្ដេចតេជោ បន្ថែមថា «ព្រោះនេះយើងចាត់ទុកជាទំនិញយុទ្ធសាស្ដ្រ និងសុវត្ថិភាពប្រជាជនកម្ពុជា ។ ពិតមែនហើយ មានការធ្វើសម្ភាសន៍ ខ្ញុំស្ដាប់លឺ ហើយខ្ញុំក៏អរគុណអ្នកដែលចង់ទទួល ហើយក៏អរគុណអ្នកមិនចង់ទទួល ។ ព្រោះខ្ញុំប្រើ ហើយថា ភាសាថា ចាក់មិនគិតថ្លៃ និងចាក់ដោយស្ម័គ្រចិត្តដូច្នេះ អ្នកដែលចង់ចាក់ក៏ចាក់ទៅ អ្នកដែលមិនចង់ចាក់ ក៏មិនចាក់ទៅ» ។

សម្ដេចតេជោ សង្ឃឹមថា លោក ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួងសុខាភិបាល អាចនឹងផ្ដើមចាប់ធ្វើជំរឿនពីឥឡូវ ដើម្បី ដឹង អ្នកណាត្រូវការចាក់វ៉ាក់សាំង អ្នកណាមិនត្រូវការចាក់វ៉ាក់សាំង ។
សម្ដេចថា ពិភពលោកនឹងដើរ ដល់ចំណុចមួយ ដែលទាមទារនូវការចាក់វ៉ាក់សាំង ប្រឆាំងជំងឺកូវីដ-១៩ ជាមួយនឹងវិញ្ញាបនបត្រច្បាស់លាស់ ទើបអាចធ្វើដំណើរឆ្លងកាត់ ប្រទេសផ្សេងៗទៀតបាន ។ មូលហេតុ ដែលសម្ដេច ហ៊ានគិតបែបនេះ ដោយសារបទពិសោធន៍ផ្ទាល់ខ្លួន របស់សម្ដេច នៅពេលទៅអាហ្វ្រិក គឺទាមទារឲ្យចាក់វ៉ាក់សាំង ការពារជំងឺគ្រុនបាញ់លឿងជាមុនសិន ។

សម្ដេចតេជោ ហ៊ុន សែន ក៏បានបង្ហាញក្តីរំពឹងថា មុនពេលចូលឆ្នាំខ្មែរ វ៉ាក់សាំងកូវីដ-១៩ នឹងចាក់ជូនប្រជាពលរដ្ឋបាន៥០ម៉ឺននាក់។
សម្ដេចថា វ៉ាក់សាំងប្រឆាំងជំងឺកូវីដ-១៩នេះ នឹងចាក់ជូនប្រជាពលរដ្ឋកម្ពុជាគ្រប់រូប ដោយឥតគិតថ្លៃ ហើយគ្មានការបង្ខំនោះទេ ពោលអ្នកណាចង់ចាក់ក៏បាន អ្នកណាមិនចង់ចាក់ក៏បាន ៕ ដោយ អេង ប៊ូ ឆេង

To Top