ភ្នំពេញ៖ លោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានស្នើរដ្ឋាភិបាលអូស្រ្តាលី ពិចារណាផ្ដល់ជំនួយបច្ចេកទេស លើការគ្រប់គ្រងបរិស្ថាន ជាពិសេស គ្រប់គ្រងសំរាម និងទឹកកខ្វក់ ជាដើម។ នេះបើយោងតាមគេហទំព័រហ្វេសប៊ុក របស់ក្រសួងបរិស្ថាន។
ក្នុងជំនួបពិភាក្សាការងារជាមួយលោក Pablo Chiho Kang ឯកអគ្គរដ្ឋទូតអូស្រ្តាលី ប្រចាំកម្ពុជា កាលពីថ្ងៃទី២២ ខែម ករា ឆ្នាំ២០២១ នៅទីស្តីការក្រសួង លោក សាយ សំអាល់ បានស្នើឲ្យរដ្ឋាភិបាលអូស្រ្តាលី បង្កើនកិច្ចសហប្រតិបត្តិការ លើផ្នែកអប់រំ បណ្តុះបណ្តាលវិជ្ជាជីវៈ ការផ្លាស់ប្តូរទស្សនកិច្ចសិក្សា និងអាហារូបករណ៍ដល់សិស្ស-និស្សិតកម្ពុជា ដើម្បីរួមចំណែកអភិវឌ្ឍន៍កម្ពុជា។
ជាងនេះទៅទៀត លោកក៏បានបញ្ជាក់ថា «ស្នើឲ្យរដ្ឋាភិបាលអូស្រ្តាលី ពិចារណាលើជំនួយបច្ចេកទេសលើការគ្រប់គ្រង បរិស្ថាន ជាពិសេស ការរៀបចំទីក្រុងនិរន្តរភាព ដែលមានផែនការគ្រប់គ្រង លើអនាម័យបរិស្ថាន ការគ្រប់គ្រងសំរាម និងទឹកកខ្វក់ ជាដើម»។
ឆ្លៀតឱកាសនោះដែរ លោកឯកអគ្គរដ្ឋទូតអូស្រ្តាលី បានវាយតម្លៃខ្ពស់ ចំពោះកិច្ចសហប្រតិបត្តិការទ្វេភាគីរវាង កម្ពុជា-អូស្រ្តាលី នាពេលកន្លងមក។ លោកបានបញ្ជាក់ ពីការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាង កម្ពុជា-អូស្រ្តាលី តាមរយៈសកម្មភាពអភិវឌ្ឍន៍នានាបន្តទៀត៕