បរទេស៖ បារាំងអាចដាក់ពិន័យទៅលើក្រុមហ៊ុន Pfizer និង BioNTech ជាមួយនឹងការដាក់ទណ្ឌកម្មចំពោះការកាត់បន្ថយការបញ្ជូនវ៉ាក់សាំង ទៅប្រទេសនេះ។ នេះបើតាមរដ្ឋមន្រ្តីបារាំងទទួលបន្ទុកកិច្ចការអឺរ៉ុបលោក Clement Beaune បានថ្លែងប្រាប់សារព័ត៌ាន Europe 1 កាលពីថ្ងៃសុក្រ ដោយបន្ថែមថា កាលវិភាគនៃការចែកចាយ ត្រូវបានគេរំពឹងថា នឹងវិលមករកភាពធម្មតាវិញដោយចាប់ផ្តើមនៅថ្ងៃច័ន្ទ។
យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២១ បានឱ្យដឹងថា កាលពីសប្តាហ៍មុនក្រុមអ្នកផលិតវ៉ាក់សាំងបានប្រកាសកាត់បន្ថយការបញ្ជូនវ៉ាក់សាំងរបស់ពួកគេទៅកាន់ប្រទេសជាសមាជិកសហភាពអឺរ៉ុប រយៈពេលជាច្រើនសប្តាហ៍ ដើម្បីផ្តោតលើការកែប្រែនៅលើទីតាំងផលិតកម្មមួយនៅក្នុងប្រទេសប៊ែលហ្សិក ដើម្បីបង្កើនសមត្ថភាពផលិតនៅពាក់កណ្តាលខែកុម្ភៈ។ ការសម្រេចចិត្តនេះបានធ្វើឱ្យប្រទេសអឺរ៉ុបមួយចំនួនខឹងសម្បារផងដែរ។
លោក Beaune មានប្រសាសន៍ថា “ ការប្តេជ្ញាដោយសន្យាត្រូវតែគោរព បើមិនដូច្នេះទេ វាអាចនឹងមានការផាកពិន័យ ឬការដាក់ទណ្ឌកម្មលើមន្ទីរពិសោធន៍” ។ ទោះយ៉ាងណាមន្ត្រីរូបនោះបានបញ្ជាក់ថា អាជ្ញាធររំពឹងថា ការផ្តល់វ៉ាក់សាំងជាប្រចាំនឹងចាប់ផ្តើមឡើងវិញនៅថ្ងៃច័ន្ទ។
សូមជម្រាបថា យុទ្ធនាការចាក់វ៉ាក់សាំងនៅប្រទេសបារាំង ដែលបានចាប់ផ្តើមនៅថ្ងៃទី ២៧ ខែធ្នូ បានថយចុះវិញចាប់តាំងពីសប្តាហ៍មុន។ ទោះយ៉ាងណាយោងតាមទិន្នន័យចុងក្រោយពីក្រសួងសុខាភិបាលបានឱ្យដឹងថា រហូតមកដល់ពេលនេះ ជនជាតិបារាំងជាង ៨២៣ ០០០ នាក់ បានទទួលការចាក់វ៉ាក់សាំងប្រឆាំងនឹងមេរោគកូវីដ ១៩ រួចហើយ ក្នុងចំណោមពលរដ្ឋ ១ លាននាក់ ដែលរដ្ឋាភិបាលគ្រោងនឹងចាក់វ៉ាក់សាំងនៅចុងខែនេះ៕ប្រែសម្រួលៈ ណៃ តុលា