ព័ត៌មានជាតិ

ស្វាព្រាម ១ក្បាលជាប់អន្ទាក់ ត្រូវមន្រ្តីអភិរក្សជួយ សង្រ្គោះ រួចលែងចូលក្នុងព្រៃ ធម្មជាតិវិញ

ភ្នំពេញ ៖ សត្វស្វាព្រាម ១ក្បាលដែលបានជាប់អន្ទាក់របស់ព្រាន ត្រូវបានមន្ដ្រីអភិរក្សជួយសង្គ្រោះឲ្យរួចផុតពីគ្រោះថ្នាក់ និងបានលែងឲ្យចូលទៅរស់ក្នុងព្រៃធម្មជាតិវិញ។

យោងតាមគេហទំព័រហ្វេសប៊ុករបស់ មន្ទីរបរិស្ថាន ខេត្តមណ្ឌលគិរី នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២១ បានឲ្យដឹងថា សត្វស្វាព្រាមនេះ បានជាប់អន្ទាក់របស់ព្រាន ហើយត្រូវបានមន្រ្តីឧទ្យានុរក្ស ដោយមានការចូលរួមពីភ្នាក់ងារល្បាតសហគមន៍តំបន់ការពារធម្មជាតិ និងបុគ្គលិកល្បាតរបស់អង្គការ WWF ដែលចុះល្បាតរួមគ្នាបានប្រទះនៅចំណុចដៃអូរមួយកន្លែង ស្ថិតក្នុងតំបន់ស្នូលនៃដែនជម្រកសត្វព្រៃភ្នំព្រេច រួចបានជួយសង្រ្គោះឲ្យបានរួចផុតពីគ្រោះថ្នាក់ ។

ប្រភពដដែល ការចុះល្បាត និងដោះអន្ទាក់ខាងលើនេះធ្វើឡើងក្នុងប្រតិបត្តិការចុះល្បាតរបស់ក្រុមការងារ នៅក្នុងសប្ដាហ៍ទី២ នៃខែមករា ឆ្នាំ២០២១ ក្នុងនោះក្រុមការងារបានដោះប្រមូល និងសាអន្ទាក់សរុបចំនួន១៦ខ្សែ នៅក្នុងភូមិសាស្រ្តតំបន់អភិរក្ស និងតំបន់ស្នូល នៃដែនជម្រកសត្វព្រៃភ្នំព្រេច។

មន្រ្តីឧទ្យានុរក្ស និងក្រុមការងារសហគមន៍អំពាវនាវដល់ប្រជាពលរដ្ឋរស់នៅក្បែរតំបន់ការពារធម្មជាតិ ចូលរួមក្នុងសកម្មភាពការពារនិងអភិរក្សសត្វព្រៃនិងជីវៈ ចម្រុះ ដោយបញ្ឈប់ការដាក់អន្ទាក់ក្នុងបំណងទាក់ ចាប់សត្វព្រៃដោយខុសច្បាប់។

សូមរំលឹកថា ស្វាព្រាម ជាប្រភេទថនិកសត្វក្នុងក្រុមប្រភេទមានដោយបង្គួរ និងត្រូវបានចុះក្នុងបញ្ជីក្រហម IUCN ថាជាប្រភេទងាយរងគ្រោះថ្នាក់។ នៅលើពិភពលោក ស្វាព្រាម កំពុងរងគ្រោះថ្នាក់ដោយសារការបរបាញ់ ការទាក់ចាប់ ការបាត់បង់ទីជម្រក និងការធ្វើពាណិជ្ជកម្ម៕

To Top