ព័ត៌មានជាតិ

ឆ្នាំ២០២០ ការរឹតបន្ដឹងច្បាប់ ចរាចរណ៍ផ្លូវគោក ធ្វើឲ្យគ្រោះថ្នាក់ថយជិត១ពាន់ករណី ខណៈអ្នកស្លាប់ថយ ៣៣៥នាក់

ភ្នំពេញ ៖ នាយឧត្តមសេនីយ ហ៊ឹម យ៉ាន អគ្គស្នងការរងនគរបាលជាតិ បានឲ្យដឹងថា ការរឹតបន្ដឹងច្បាប់ ស្ដីពីចរាចរណ៍ ផ្លូវគោក សម្រាប់ឆ្នាំ២០២០ ធ្វើឲ្យគ្រោះថ្នាក់ថយ ជិត១,០០០ករណី ខណៈអ្នកស្លាប់ថយ៣៣៥នាក់ ផងដែរ។យោង ការចេញផ្សាយ អគ្គស្នងការដ្ឋាននគរបាលជាតិ។

ក្នុងសន្និសីទសារព័ត៌មាន បង្ហាញពីលទ្ធផលនៃការរឹត បន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក ឆ្នាំ២០២០ លោក ហ៊ឹម យ៉ាន បានថ្លែងថា រយៈពេលមួយឆ្នាំ នៃការរឹត បន្ដឹងច្បាប់ចរាចរណ៍ របស់កងកម្លាំងនគរបាលចរាចរណ៍ផ្លូវគោក រួមសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធដ៏ទៃទៀត គឺទទួលបានលទ្ធផលយ៉ាងល្អប្រសើរ ។ ក្នុងនោះត្រួតពិនិត្យយានយន្ដសរុប ១លាន៧សែនគ្រឿង រួមមាន ម៉ូតូ៦៥ភាគរយ រកឃើញយានយន្ដល្មើសចំនួន ៣៥៥,៨៨៥គ្រឿង ស្មើនឹង២០ភាគរយ ដែលបទល្មើសភាគច្រើន មិនពាក់មួកសុវត្ថិភាព។

លោកបន្ដថា សម្រាប់រថយន្ដដែលល្មើសភាគច្រើន លើសល្បឿនកំណត់ មានរហូតដល់៦០ភាគរយ ក្នុងចំណោមរថយន្ដល្មើសទាំងអស់។ លោកបញ្ជាក់ថា ទាំងអស់នេះ ជាបញ្ហាប្រឈមដែលត្រូវបន្ដពិនិត្យឡើងវិញ ដើម្បីធ្វើយ៉ាងណារឹតបន្ដឹងលើករណីនេះ។

ជាមួយនឹងភាពជោគជ័យ នៃការរឹតបន្ដឹងច្បាប់ចរាចរណ៍នេះ អគ្គស្នងការរង នគរបាលជាតិ បានអះអាងថា ក្នុងឆ្នាំ២០២០កន្លងទៅ ករណីគ្រោះថ្នាក់ចររាចណ៍ បានកើតឡើងចំនួន៣,១៧៩លើក ថយចុះចំនួន៩៤២លើក ស្មើរនឹង២៣ភាគរយ បើធៀបនឹងឆ្នាំ២០១៩។ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នេះ បណ្តាលឲ្យមនុស្សស្លាប់ចំនួន១,៦៤៦នាក់ ថយចុះចំនួន៣៣៥នាក់ ស្មើរនឹង១៧ភាគ ធៀបនឹងឆ្នាំ២០១៩ ដោយឡែកអ្នករបួសមានចំនួន៤,៦៨៦ ថយចុះចំនួន១,៤៥៥នាក់ ស្មើរនឹង២៤ភាគរយ ធៀបនឹងឆ្នាំ២០១៩។

ជាងនេះទៅទៀត អគ្គស្នងការរងនគរបាលជាតិ បានរៀបរាប់ថា មូលហេតុដែលនាំឲ្យមានគ្រោះថ្នាក់ បណ្ដាលមកពីល្បឿន ៣៣ភាគរយ, មិនគោរពសិទ្ធិ២៤ភាគរយ, មិនប្រកាន់ស្ដាំ១៥ភាគរយ, ប្រជែងគ្រោះថ្នាក់១០ភាគរយ, បត់ឆ្វេង ស្ដាំ មិនប្រយ័ត្ន ៩ភាគរយ, ស្រវឹង៥ភាគរយ, កត្តាយាន៣ភាគរយ និងងងុយ១ភាគរយ៕

To Top