ព័ត៌មានជាតិ

ស្ថានទូតខ្មែរ ប្រចាំប្រទេសថៃ បញ្ជាក់ថា មានពលករខ្មែរ៧នាក់ រងរបួស ក្នុងករណីបាក់ស្រុតស្ពាន អាកាស នៅខេត្តនគររាជសីមា

ភ្នំពេញ ៖ ស្ថានទូតខ្មែរប្រចាំ ប្រទេសថៃបានឲ្យដឹងថាមាន ក្នុងករណីបាក់ស្រុតស្ពានអាកាស នៅខេត្តនគររាជសីមា មានពលករខ្មែរ៧នាក់ រងគ្រោះតែមិនដល់ថ្នាក់បាត់បង់ជីវិតទេ ហើយកំពុងទទួលបានការព្យាបាល ។
នាថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១ តំណាងស្ថានទូត ព្រះរាជាណាចក្រកម្ពុជា ប្រចាំប្រទេសថៃ បានចុះមកមន្ទីរពេទ្យមហារាជ និងការដ្ឋានសាងសង់ផ្លូវ នៅខេត្តនគររាជសីមា ដើម្បីសួរសុខទុក្ខបងប្អូនពលករខ្មែរចំនួន៧រូប ប្រុស៤នាក់ និងស្រី៣នាក់ ដែលបានជួបគ្រោះថ្នាក់ស្ពានអាកាស បាក់ស្រុត ចុះខណៈកំពុងសាងសង់ កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២១ វេលាម៉ោង ១៤៖១៨នាទី ស្ថិតនៅបរិវេណផ្លូវសុរៈណារ៉ាយ ឃុំឃោកស៊ូង ស្រុកមឿងនគររាជសីមា ខេត្តនគររាជសីមា ប្រទេសថៃ ។

បញ្ជាក់គ្រោះថ្នាក់ខាងលើ មិនមែនករណីរងគ្រោះ ដល់ស្លាប់បាត់បង់ជីវិតនោះទេ ។ បច្ចុប្បន្នពលករ៣នាក់ បានចេញពីមន្ទីរពេទ្យហើយ ចំណែកពលករ៤នាក់ ទៀត កំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យ ក្នុងនោះ ១នាក់ ជាស្ត្រី រងរបួសបាក់ជើងស្តាំ ១នាក់ទៀត នឹងចេញពីមន្ទីរពេទ្យប៉ុន្មាន ថ្ងៃខាងមុខទៀត និងពលករ២នាក់ទៀត នឹងចេញពីមន្ទីរពេទ្យ នាល្ងាចថ្ងៃនេះ ។

ការចំណាយលើការព្យាបាល នៅមន្ទីរពេទ្យរបស់ពលករខ្មែរទាំងអស់ គឺខាងនិយោជក និងធានារ៉ាប់រងសង្គម ជាអ្នកទទួលខុសត្រូវ ចំណែកពលករ ដែលកំពុងសម្រាកព្យាបាល និងមិនអាចទាន់ចូលធ្វើការវិញបាន នឹងទទួលបានប្រាក់ឈ្នួល ទៅតាមច្បាប់ ។

ជាមួយគ្នានេះផងដែរ តំណាងស្ថានទូតបានពាំនាំថវិកា និងគ្រឿងឧបភោគបរិភោគមួយចំនួន ជូនដល់ប្អនប្អូនពលករ ដែលកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យ និងសម្រាកនៅកន្លែងស្នាក់នៅ របស់ពួកគាត់ព្រមទាំងផ្តាំផ្ញើការសួរសុខទុក្ខ ពីរាជរដ្ឋាភិបាលកម្ពុជា ដែលមានការព្រួយបារម្ភ ពីសុខទុក្ខរបស់បងប្អូន ពលករខ្មែរផងដែរ៕

To Top