ព័ត៌មានអន្តរជាតិ

សភាអាមេរិក បានបញ្ជូនអត្ថបទ ស្តីពីការចោទប្រកាន់ ប្រឆាំងនឹងលោក ដូណាល់ ត្រាំ ទៅកាន់ព្រឹទ្ធសភាកាលពីថ្ងៃចន្ទ ដោយចោទប្រកាន់ អតីតប្រធានាធិបតីរូបនេះ ពីបទញុះញង់ បង្កការបះបោរ នាំឱ្យមានកុបកម្ម នៅវិមានកាពីតូល កាលពីថ្ងៃទី០៦ ខែមករា

មេដឹកនាំសំឡេងភាគច្រើន នៃព្រឹទ្ធសភាអាមេរិកលោក Charles Schumer បានឲ្យដឹងថា សភាបានបញ្ជូនអត្ថបទ ស្តីពីការចោទប្រកាន់ ប្រឆាំងនឹងអតីតប្រធានាធិបតីលោក ដូណាល់ ត្រាំ ទៅកាន់សភាជាន់ខ្ពស់ នៅថ្ងៃច័ន្ទសប្ដាហ៍ក្រោយនេះ ដែលបង្កការត្រៀមរៀបចំ សម្រាប់ការជំនុំជម្រះ ដែលអាចចាប់ផ្តើមនៅដើមសប្តាហ៍ក្រោយ។

លោក Schumer បានលើកឡើងថា “ កុំច្រឡំអីការកាត់ក្តីនឹងត្រូវធ្វើឡើង នៅព្រឹទ្ធសភាសហរដ្ឋអាមេរិក ហើយនឹងមានការបោះឆ្នោត ថាតើត្រូវផ្តន្ទាទោសប្រធានាធិបតី ឬអត់។ ខ្ញុំបានជជែកជាមួយលោកស្រី Pelosi ដែលបានប្រាប់ខ្ញុំថា អត្ថបទនឹងត្រូវបញ្ជូន ទៅព្រឹទ្ធសភានៅថ្ងៃច័ន្ទ “។ លោក Schumer បានលើកឡើងថា “វានឹងក្លាយជាការជំនុំជម្រះពេញលេញមួយ” ។

លោក Mitch McConnell មេដឹកនាំព្រឹទ្ធសភា មកពីគណបក្សសាធារណរដ្ឋ បានស្នើថា ការចោទប្រកាន់ការចោទប្រកាន់ របស់លោក ត្រាំ ត្រូវបានពន្យារពេល រហូតដល់ពាក់កណ្តាលខែកុម្ភៈ ដើម្បីផ្តល់ពេលវេលា គ្រប់គ្រាន់ដល់លោក ដើម្បីត្រៀមការពារ។

សេចក្តីប្រកាសរបស់លោក Schumer បានកំណត់ពេលវេលាថ្មី សម្រាប់ថ្នាក់ដឹកនាំព្រឹទ្ធសភា ក្នុងការឈានដល់កិច្ចព្រមព្រៀង ដែលជាប់គាំង ជុំវិញការចែកអំណាចរបស់ព្រឹទ្ធសភា ព្រោះភ័ស្តុតាងចោទប្រកាន់ គឺជាផ្នែកមួយនៃការចរចារទូលំទូលាយ ដែលរួមមានប្រធានបទ ដូចជាឯកសារជាដើម៕ ប្រែសម្រួល៖ ឈូក បូរ៉ា

To Top