ព័ត៌មានជាតិ

ប្រធាន JICAថ្មី ប្ដេជ្ញាខិតខំពង្រឹង និងពង្រីក កិច្ចសហប្រតិបត្តិការ លើគ្រប់វិស័យ អាទិភាព ជាមួយរាជរដ្ឋាភិបាលកម្ពុជា

ភ្នំពេញ ៖ លោកស្រី KAMEI Haruko ប្រធានតំណាងថ្មី របស់ទីភ្នាក់ងារ សហប្រតិបត្តិការអន្តរជាតិ នៃប្រទេសជប៉ុន (JICA) ប្រចាំព្រះរាជាណាចក្រកម្ពុជា បានអះអាងថា ក្នុងអាណត្តិបំពេញ ភារកិច្ចនៅកម្ពុជា របស់លោកស្រី ប្ដេជ្ញានឹងខិតខំពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ លើគ្រប់វិស័យអាទិភាព ជាមួយ រាជរដ្ឋាភិបាលកម្ពុជា ។ នេះបើយោងតាមទូរទស្សន៍ជាតិកម្ពុជា ។

ការអះអាងបែបនេះ ធ្វើឡើងនៅក្នុង ជំនួបពិភាក្សាការងារជាមួយ លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១នាទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។

នៅក្នុងជំនួបនេះផងដែរ លោក អូន ព័ន្ធមុនីរ័ត្ន បានសម្តែងនូវសេចក្តីសោមនស្សរីករាយ អបអរសាទរ ចំពោះលោកស្រី KAMEI Haruko ដែលបានមកបំពេញនូវ បេសកកម្មជាប្រធានតំណាងថ្មី របស់ទីភ្នាក់ងារ សហប្រតិបត្តិការអន្តរជាតិ នៃប្រទេសជប៉ុន (JICA) ប្រចាំព្រះរាជាណាចក្រកម្ពុជា និងបានថ្លែងអំណរគុណ ចំពោះរដ្ឋាភិបាលជប៉ុន និងប្រជាជនជប៉ុន ដែលតែងតែជួយគាំទ្រ ក្នុងការស្តារ និងការអភិវឌ្ឍសេដ្ឋកិច្ច និង សង្គមដល់កម្ពុជា ។

លោក អូន ព័ន្ធ មុនី រ័ត្ន បានបន្ថែមថា ប្រទេសជប៉ុន គឺជាដៃគូយុទ្ធសាស្រ្ត និងជាដៃគូសហប្រត្តិការទ្វេភាគី ធំជាងគេមួយ ដែល បានផ្តល់ហិរញ្ញប្បទានដល់ប្រទេសកម្ពុជា ។ ការផ្តល់ហិរញ្ញប្បទានរបស់ រដ្ឋាភិបាលជប៉ុន គឺចំគោលដៅ លើ គ្រប់វិស័យ រួមមាន៖ សុខាភិបាល, អប់រំ, កសិកម្ម, ហេដ្ឋារចនាសម្ព័ន្ធផ្លូវជាតិ, ស្ពាន, កំពង់ផែស្វយ័ត អន្តរជាតិ, ប្រព័ន្ធធារាសាស្រ្ត, បណ្តាញថាមពលអគ្គិសនី, និងការផ្គត់ផ្គង់ទឹកស្អាត ជាដើម ។ល។ ជាក់ស្តែង, ក្នុងឆ្នាំ ២០២០ កន្លងមក, រដ្ឋាភិបាលជប៉ុន បានផ្តល់ឥណទានសម្បទាន មានទឹកប្រាក់ចំនួន ២៥ ប៊ីលាន យ៉េនជប៉ុន (ត្រូវជាប្រមាណ ២៣៨ លានដុល្លារអាមេរិក) ចូលរួមចំណែកជាមួយដៃគូ អភិវឌ្ឍន៍នានាជួយគាំ ទ្រសកម្មភាព នៃការអនុវត្តគោលនយោបាយ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការឆ្លើយតបទៅនឹង ផលប៉ះពាល់ដោយសារជំងឺកូវីដ-១៩ លើបញ្ហាសុខភាព, សង្គម និងសេដ្ឋកិច្ចកម្ពុជា សំដៅរក្សាលំនឹងសេដ្ឋកិច្ច-សង្គម ក៏ដូចជា ជំរុញកំណើនសេដ្ឋកិច្ចឡើងវិញ ។

លោកស្រី KAMEI Haruko ក៏បានសម្តែងនូវសេចក្តី សោមនស្សរីករាយ ដែលបានមកបំពេញភារកិច្ច នៅព្រះរាជាណាចក្រកម្ពុជា និងបានសម្តែងនូវការកោតសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាល កម្ពុជា ដែលសម្រេចបាននូវសមិទ្ធផល ផ្លែផ្កាជាច្រើន ជាពិសេស ក្នុងការចាត់វិធានការយ៉ាងម៉ឺងម៉ាត់ និង ម៉ត់ចត់ បង្ការ និងទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ-១៩ នាពេលបច្ចុប្បន្ននេះ ។

លោកស្រីបញ្ជាក់ថា «ក្នុងអាណិត្តបំពេញ ភារកិច្ចនៅកម្ពុជា, លោកស្រីសន្យានឹង បន្តខិតខំពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ លើគ្រប់វិស័យអាទិភាព របស់រាជរដ្ឋាភិបាលកម្ពុជា ព្រមទាំង បន្តការគាំទ្រនូវការផ្តល់ហិរញ្ញប្បទានបន្ថែមទៀត ក្នុងក្របខ័ណ្ឌនៃកិច្ច សហប្រតិបត្តិការអភិវឌ្ឍន៍ផ្លូវការ (ODA) ទាំងក្នុង ក្របខ័ណ្ឌហិរញ្ញប្បទានឥតសំណង, ឥណទានសម្បទាន និងជំនួយបច្ចេកទេស ជាដើម »។

ជាថ្មីម្តងទៀត លោក អូន ព័ន្ធមុនីរ័ត្ន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះរដ្ឋាភិបាល និងប្រជាជនជប៉ុន ពិសេស ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន ប្រចាំ ព្រះរាជាណាចក្រកម្ពុជា ដែលបានដើរតួនាទី យ៉ាងសកម្ម ក្នុងការផ្តល់កិច្ចសហប្រតិបត្តិការ អភិវឌ្ឍន៍ផ្លូវការ (ODA) ឆ្លើយតបចំទិសដៅអភិវឌ្ឍន៍ របស់រាជរដ្ឋាភិបាលកម្ពុជា និងសង្ឃឹមថា JICA នឹងបន្តជួយពង្រឹង និង ពង្រីកកិច្ចសហប្រតិបត្តិការ ក្នុងវិស័យសេដ្ឋកិច្ច-សង្គម រវាងព្រះរាជាណាចក្រកម្ពុជា និងប្រទេសជប៉ុន ឲ្យកាន់ តែទូលំទូលាយ និងស្អិតរមួតថែមទៀត ៕

To Top