វ៉ាស៊ីនតោន៖ រដ្ឋមន្រ្តីការបរទេស នៃប្រទេសឧស្សាហកម្ម នៃក្រុមចំនួន ៧ ហៅកាត់ថា G-7 កាលពីថ្ងៃអង្គារ បានចោទប្រកាន់ទីក្រុងម៉ូស្គូ ពីការចាប់ខ្លួនអ្នកនយោបាយប្រឆាំងរុស្ស៊ី លោក Alexei Navalny និងបានអំពាវនាវ ឱ្យមានការដោះលែងមេដឹកនាំ និងអ្នកគាំទ្ររបស់លោក ដែលត្រូវបានឃុំខ្លួន សម្រាប់សកម្មភាពតវ៉ាដោយសន្ដិវិធី។
លោក Navalny ដែលជាអ្នករិះគន់ដ៏លេចធ្លោ របស់ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន ត្រូវបានប៉ូលីសឃុំខ្លួននៅថ្ងៃទី១៧ ខែមករា ភ្លាមៗបន្ទាប់ពីលោក បានទៅដល់ទីក្រុងម៉ូស្គូ ពីប្រទេសអាល្លឺម៉ង់ ជាកន្លែងដែលលោកបានធ្វើការព្យាបាល អស់រយៈពេល ៥ ខែបន្ទាប់ពីការវាយប្រហារដោយថ្នាំពុល ដែលលោកបានស្តីបន្ទោស ទៅអាជ្ញាធររុស្ស៊ី។
រដ្ឋមន្ត្រីការបរទេស G-7 មកពីប្រទេសនានា រួមទាំងសហរដ្ឋអាមេរិក និងជប៉ុន បានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ពួកគេ“ រួបរួមគ្នាក្នុងការថ្កោលទោស ចំពោះការចាប់ខ្លួន និងការឃុំខ្លួនដោយហេតុផលនយោបាយ លើអ្នកប្រឆាំងរូបនេះ” ។
សេចក្តីថ្លែងការណ៍បានបន្ថែមថា “យើងមានការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះការឃុំឃាំងអ្នកតវ៉ា និងអ្នកសារព័ត៌មានរាប់ពាន់នាក់ ដោយសន្តិភាព និងអំពាវនាវ ឱ្យប្រទេសរុស្ស៊ីប្រកាន់ខ្ជាប់ នូវកាតព្វកិច្ចជាតិ និងអន្តរជាតិរបស់ខ្លួន និងដោះលែងអ្នក ដែលត្រូវបានឃុំឃាំង តាមអំពើចិត្តចំពោះការអនុវត្តសិទ្ធិជួបជុំ ដោយសន្តិវិធីរបស់ពួកគេ”៕ ដោយ៖ ឈូក បូរ៉ា