ព័ត៌មានជាតិ

ទូតជប៉ុន សាងសង់អគារ សម្រាប់ប្រជាជនរងគ្រោះដោយ ទឹកជំនន់ និងគ្រោះរាំងស្ងួត

ភ្នំពេញ ៖ ស្ថានទូតជប៉ុន ប្រចាំកម្ពុជា បានសាងសង់អគារទីទួលសុវត្ថិភាព សម្រាប់ប្រជាជនរងគ្រោះដោយ គ្រោះមហន្តរាយ ដូចជា ទឹកជំនន់ និងគ្រោះរាំងស្ងួត។

តាមរយៈបណ្ដាញ ទំនាក់ទំនងសង្គមហ្វេសប៊ុករបស់ ស្ថានទូតជប៉ុន ប្រចាំកម្ពុជា នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១ បានឲ្យដឹងថា កាលពីថ្ងៃទី២៦ មករា លោក មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជា បានទៅទស្សនាការ ដ្ឋានសាងសង់ អគារទីទួលសុវត្ថិភាព ក្នុងវត្តខ្សាច់ជីរស់ ដែលជាជំនួយឥតសំណង របស់រដ្ឋាភិបាលជប៉ុន។ អគារទីទួលសុវត្ថិភាពនេះ នឹងក្លាយជាកន្លែងមានសុវត្ថិភាព សម្រាប់ប្រជាជនរងគ្រោះ ដោយគ្រោះមហន្តរាយ ដូចជា ទឹកជំនន់ និងគ្រោះរាំងស្ងួត។

ជាងនេះទៅទៀត លោកឯកអគ្គរាជទូតជប៉ុន ក៏បានធ្វើទស្សនកិច្ចទីតាំង គម្រោងរបស់អង្គការកម្មវិធីស្បៀងអាហារ ពិភពលោកប្រចាំកម្ពុជា ក្នុងខេត្តកំពង់ធំ។ លោកបានអញ្ជើញ ចុះទៅសាលាបឋមសិក្សាជីមាក់ ដើម្បីទស្សនាកម្មវិធី អាហារសាលា។

នាឱកាសនោះ ឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជា ក៏បានបញ្ជាក់ថា «យើងសង្ឃឹមថា គម្រោងទាំងនេះ នឹងកាត់បន្ថយភាពក្រីក្រ ព្រមទាំងជួយសង្រ្គោះ និងផ្លាស់ប្តូរជីវិតប្រជាជន នៅក្នុងប្រទេសកម្ពុជា»៕

To Top