បរទេស៖ រដ្ឋមន្ត្រីការបរទេសនៃ ប្រទេសហុងគ្រីនិងអ៊ុយក្រែន ត្រូវបានគេរំពឹងថា នឹងជួបគ្នានៅក្នុងទីក្រុងកៀវនៅថ្ងៃពុធ សម្រាប់កិច្ចពិភាក្សាគ្នាស្តីពីការកែលម្អ ចំណងមិត្តភាពដែលជាប់គាំងធ្ងន់ធ្ងរ ប៉ុន្តែទីក្រុងប៊ុយដាបែស បាននិយាយថា បេសកកម្មការទូតរបស់ខ្លួន នៅក្នុងសាធារណរដ្ឋជាអតីតសហភាពសូវៀតនោះ បានទទួលការគម្រាមកំហែង នៃអំពើហិង្សាបង្ហូរឈាម។
ប្រទេសទាំងពីរ តាមសេចក្តីរាយការណ៍ មានការខ្វែងគំនិតគ្នាជុំវិញរឿងសិទ្ធិ របស់ជនជាតិភាគតិចហុងគ្រីប្រមាណ ១៥០.០០០នាក់ ដែលកំពុងរស់នៅក្នុងតំបន់ Transcarpathia ស្ថិតនៅប្រទេសអ៊ុយក្រែនភាគខាងលិច ជាប់ព្រំដែនហុងគ្រី ក្នុងការប្រើប្រាស់ភាសាដើមរបស់ពួកគេ ជាពិសេសក្នុងវិស័យអប់រំ។
រដ្ឋមន្រ្តីការបរទេសហុងគ្រី លោក Peter Szijjarto បានមានប្រសាសន៍នៅក្នុងវីដេអូបង្ហោះ លើបណ្ដាញសង្គមហ្វែសប៊ុកថា លោកនឹងជួបគ្នាជាមួយរដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោក Dmytro Kuleba ដើម្បីពិភាក្សាគ្នា ពីវិធីបញ្ឈប់និន្នាការអវិជ្ជមានទាំងនេះ ឬក៏យ៉ាងហោចណាស់បង្ហាញ ពីរូបភាពច្រកចេញ ៕
ប្រែសម្រួល៖ ប៉ាង កុង