ព័ត៌មានអន្តរជាតិ

មហាអំណាចអាមេរិក ច្រានចោលការទាមទារ ហួសហេតុរបស់ទីក្រុងប៉េកាំង នៅសមុទ្រចិនខាងត្បូង

វ៉ាស៊ីនតោន៖ រដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិកលោក Antony Blinken បានប្រាប់សមភាគីរបស់លោក នៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកថា សហរដ្ឋអាមេរិក ច្រានចោលការទាមទារដែនសមុទ្រ ហួសប្រមាណរបស់ទីក្រុងប៉េកាំង នៅក្នុងតំបន់សមុទ្រចិនខាងត្បូង និងបានគូសបញ្ជាក់ពីយន្តការពហុភាគី ដែលកំពុងវិវត្តដូចជា “Quad” ក្នុងការដោះស្រាយបញ្ហាពិភពលោក។

យោងតាមក្រសួងការបរទេសលោក Blinken និងរដ្ឋមន្រ្តីការបរទេសហ្វីលីពីនលោក Teodoro Locsin បានបញ្ជាក់ក្នុងអំឡុងកិច្ចពិភាក្សាតាមទូរស័ព្ទថា សម្ព័ន្ធភាពទ្វេភាគីដ៏រឹងមាំ មានសារៈសំខាន់ណាស់សម្រាប់ឥណ្ឌូ – ប៉ាស៊ីហ្វិកដោយសេរី និងបើកចំហ ខណៈពេលដែលប្រទេសចិន អះអាងនូវភាពរឹងមាំនៅក្នុងតំបន់។

ស្តីពីជម្លោះសមុទ្រចិនខាងត្បូង រដ្ឋលេខាធិការថ្មីដែលចូល កាន់តំណែងនៅថ្ងៃអង្គាររូបនេះ បានលើកឡើងថា សហរដ្ឋអាមេរិក ច្រានចោលការទាមទាររបស់ចិននៅក្នុងដែនទឹក“ ក្នុងវិសាលភាពដែលពួកគេ លើសតំបន់ដែនសមុទ្រ ដែលចិនត្រូវបានអនុញ្ញាតឱ្យទាមទារ ក្រោមច្បាប់អន្តរជាតិ” ។

ភាពតានតឹងបានកើនឡើងជុំវិញ បញ្ហាសមុទ្រចិនខាងត្បូង ខណៈរដ្ឋបាលមុនរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ បាននិយាយបង្កាច់បង្ខូចការ ទាមទាររបស់ទីក្រុងប៉េកាំង ចំពោះធនធាននៅសមុទ្រ នៅទូទាំងដែនទឹក ដែលមានជម្លោះភាគច្រើនថា ជាការមិនស្របច្បាប់ទាំងស្រុង។

ទីក្រុងប៉េកាំង បានទាមទារដែនដីត្រួតស៊ីគ្នា ជាមួយប្រទេសប្រ៊ុយណេ ម៉ាឡេស៊ី ហ្វីលីពីនវៀតណាម និងតៃវ៉ាន់ នៅសមុទ្រចិនខាងត្បូង ដែលត្រូវបានគេជឿជាក់ថា សំបូរទៅដោយរ៉ែប្រេងនិងឧស្ម័ន ៕

ដោយ ឈូក បូរ៉ា

To Top