បរទេស៖ រដ្ឋមន្ត្រីការបរទេស សហរដ្ឋអាមេរិក Antony Blinken បានថ្លែងប្រាប់ថា សហរដ្ឋអាមេរិក បដិសេធការអះអាងដែនសមុទ្រ របស់ចិន នៅដែនសមុទ្រចិនខាងត្បូង ដែលលើសពីអ្វី ដែលត្រូវបានអនុញ្ញាត ក្រោមច្បាប់អន្តរជាតិ ហើយអាមេរិកនឹងឈរ នៅជាមួយបណ្ដា ប្រទេសអាស៊ីអាគ្នេយ៍ ប្រឆាំងសម្ពាធចិន។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រសួងការបរទេសអាមេរិក បាននិយាយប្រាប់ថា លោក Antony Blinken បានធ្វើការថ្លែងយ៉ាងដូច្នោះ នៅក្នុងកិច្ចសន្ទនាគ្នាតាមទូរស័ព្ទមួយ ជាមួយរដ្ឋមន្ត្រីការបរទេស ហ្វីលីពីន លោក Teodoro Locsin ហើយសេចក្តីថ្លែងការណ៍នោះ បានក៏បានសង្កត់ធ្ងន់ផងដែរ នូវសារៈសំខាន់នៃកិច្ចព្រមព្រៀង ការពារជាតិរយៈពេលវែង រវាងសម្ពន្ធមិត្ត និងសំណើច្បាស់លាស់របស់វា ប្រសិនបើទីក្រុងម៉ានីល ធ្លាក់ក្រោមការវាយប្រហារ នៅដែនសមុទ្រចិនខាងត្បូង។
យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Us News បានឲ្យដឹងថា ដោយពោលសំដៅ ដល់សាធារណរដ្ឋប្រជាមានិតចិននោះ សេចក្តីថ្លែងការណ៍ ក្រសួងការបរទេសអាមេរិក បាននិយាយដូច្នេះថា “លោករដ្ឋមន្ត្រី Blinken បានប្តេជ្ញាឈរនៅជាមួយបណ្ដាប្រទេស អះអាងកម្មសិទ្ធិ អាស៊ីអាគ្នេយ៍ ក្នុងចំពោះមុខ នៃសម្ពាធពីរ PRC“។ “លោករដ្ឋមន្ត្រី Blinken បានធ្វើការសង្កត់ធ្ងន់ លើសារៈសំខាន់ នៃសន្ធិសញ្ញាការពារគ្នា ទៅវិញទៅមក សម្រាប់សន្តិសុខនៃប្រទេសទាំងពីរ និងការអនុវត្តយ៉ាងច្បាស់លាស់ ប្រឆាំងនឹងការវាយប្រហារ ដោយអាវុធ លើកងកម្លាំងប្រដាប់អាវុធ ហ្វីលីពីន នាវាសាធារណរដ្ឋ ឬក៏យន្តហោះនៅសមុទ្រប៉ាស៊ីហ្វិក ដែលរួមចូលទាំងសមុទ្រចិនខាងត្បូងផង”៕
ប្រែសម្រួល៖ប៉ាង កុង