ព័ត៌មានអន្តរជាតិ

រដ្ឋមន្ត្រីការពារជាតិអាមេរិក កោតសរសើរអាល្លឺម៉ង់ សម្រាប់ការទទួលកងទ័ពអាមេរិក

បរទេស៖ រដ្ឋមន្ត្រីការពារជាតិថ្មី របស់សហរដ្ឋអាមេរិក លោក Lloyd Austin បានធ្វើការកោតសរសើរប្រទេសអាល្លឺម៉ង់ សម្រាប់ការទទួលកងទ័ពសហរដ្ឋអាមេរិក នៅក្នុងកិច្ចសន្ទនាគ្នាតាមទូរស័ព្ទ មួយជាមួយរដ្ឋមន្ត្រីការពារជាតិអាល្លឺម៉ង់ នៅថ្ងៃពុធសប្ដាហ៍នេះ បង្កឲ្យមានមន្ទិលសង្ស័យថា លោកប្រធានាធិបតី ចូ បៃដិន អាចនឹងលុបចោលការដកទ័ព ដែលអតីតប្រធានាធិបតី ដូណាល់ ត្រាំ បានបញ្ជា។

លោក Lloyd Austin តាមសេចក្តីរាយការណ៍ មានគម្រោងធ្វើការត្រួតពិនិត្យសកលឡើងវិញ នូវការឈរជើងប្រចាំការ របស់កងទ័ពសហរដ្ឋអាមេរិក ដែលនឹងរួមបញ្ចូលទាំងបទបញ្ជារបស់លោក ត្រាំ កាលពីឆ្នាំមិញនេះ ឲ្យដកទ័ពអាមេរិកប្រមាណ មួយភាគបីនៃកងទ័ពចំនួន ៣៤.០០០នាក់ ប្រចាំការនៅអាល្លឺម៉ង់។

ក្រោយកិច្ចសន្ទនាគ្នាតាមទូរស័ព្ទ ជាមួយរដ្ឋមន្ត្រីការបរតេសអាល្លឺម៉ង់ លោក Annegret Kramp-Karrenbauer នោះ នៅក្នុងសេចក្តីថ្លែងការណ៍មួយ មន្ទីរបញ្ចកោណបាននិយាយដូច្នេះថា “លោករដ្ឋមន្ត្រី Austin បានបង្ហាញនូវការដឹងគុណរបស់លោក ចំពោះប្រទេសអាល្លឺម៉ង់ សម្រាប់ការបន្តធ្វើការទទួលដ៏ធំ សម្រាប់កងកម្លាំងសហរដ្ឋអាមេរិក” ៕

ប្រែសម្រួល៖ ប៉ាង កុង

To Top