ភ្នំពេញ៖ បន្ទាប់ពីដំណើរការ ចរចាអស់រយៈពេលជាង ៣ឆ្នាំមក ក្រុមគ្រួសាររបស់ លោក ឌូគ្លាស ឡាចហ្វដ (Dowplaw Lahthord) បានព្រមព្រៀងបញ្ជូន វត្ថុបុរាណខ្មែរទាំងជាង ១០០រូប ធ្វើពីថ្ម និងសំរឹទ្ធ រួមទាំងសម្បត្តិវប្បធម៌ខ្មែរ ជាច្រើនទៀត ដែលខ្លួនបានកាន់កាប់រក្សាទុក ប្រគល់ជូនកម្ពុជាវិញ នាពេលឆាប់ៗខាងមុខនេះ ។
យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅថ្ងៃទី២៩ មករា បានឲ្យដឹងថា ភាគីទាំងពីរបានចុះហត្ថលេខា លើកិច្ចព្រមព្រៀងមួយ ស្ដីពីការបញ្ជូនត្រឡប់មកវិញ នៃសម្បត្តិវប្បធម៌ ខ្មែរ ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២០ ។ ស្នាដៃវិចិត្រទាំងនេះ មានអាយុកាលតាំង ពីសតវត្សទី២ រហូតដល់សម័យក្រោយអង្គរ រួមទាំងរតនៈវត្ថុដ៏ល្អឯក ពីអតីតរាជធានកោះកេរ្តិ៍ និងតំបន់អង្គរ ដែលនឹងត្រូវដាក់តាំងបង្ហាញ សារមន្ទីរជាតិភ្នំពេញពេលខាងមុខ ។
លិខិតបន្តថា ក្នុងដំណាក់កាលដំបូង វត្ថុបុរាណខ្មែរចំនួន៥រូប ក្នុងនោះមានបដិមាព្រះឥសូរ និងព្រះស្កន្ទ (សិវស្កន្ទ) ធ្វើពីថ្មភក់ មកពីរមនីយដ្ឋានកោះកេរ្តិ៍ ធ្វើពីសំរឹទ្ធ នឹងត្រូវបញ្ជូនមក ដល់មាតុភូមិកម្ពុជាក្នុងពេល ឆាប់ៗនេះ។ ក្រសួងវប្បធម៌ នឹងជូនដំណឹងអំពីពេលវេលាជាក់លាក់ ជាបន្តបន្ទាប់ទៀត ទៅតាមដំណាក់កាលនីមួយៗ នៃការវិលត្រឡប់មកវិញ នៃសម្បត្តិវប្បធខ្មែរ ។
លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ បានគូសបញ្ជាក់ថា សុខសន្តិភាព និងស្ថិរភាពនយោបាយ នាពេលបច្ចុប្បន្ន តាមរយៈពេលនយោបាយ ឈ្នះ-ឈ្នះ របស់ប្រមុខ រាជរដ្ឋាភិបាលកម្ពុជា គឺជាមូលដ្ឋានចម្បងក្នុងការ វិលត្រឡប់ នៃព្រលឹងបុព្វបុរសខ្មែរ ដែលបានរសាត់ឆ្ងាយពីតុភូមិ កន្លងមក ។ កិច្ចការដ៏លំបាកស្មុគស្មាញ នេះអាចសម្រេ ក្រោមការចង្អុល បង្ហាញដ៏ខ្ពង់ខ្ពស់ និងគាំទ្រ យ៉ាងពេញទំហឹង ពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ព្រមទាំងកិច្ចសហការជួយ សម្របសម្រួលពីក្រសួងពាក់ព័ន្ធ និងឥស្សរជនជាច្រើនរូបទៀត ទាំងក្នុងស្ថាប័នរដ្ឋ និងផ្នែកឯកជន ។
លោកស្រីថា ការបញ្ជូនត្រឡប់មកកម្ពុជាវិញ នូវរូបច ម្លាក់ទាំងនេះ បានបង្ហាញពីការប្តេជ្ញាចិត្ត របស់រាជរដ្ឋាភិបាល កម្ពុជា ក្នុងការទាមទារ យកមកវិញនូវ សម្បត្តិវប្បធម៌ខ្មែរ ដែលបានបាត់បង់ ហើយការបញ្ជូនត្រឡប់មកវិញនេះ ក៏ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ សម្រាប់ប្រជាជនកម្ពុជា និងពិភពលោក ៕