បរទេស៖ កម្មករជនជាតិមីយ៉ាន់ម៉ាម្នាក់ នៅខេត្តសាមុតសាខន បានស្លាប់ដោយបង្កើន ចំនួនអ្នកស្លាប់ ដោយសារជំងឺកូវីដ១៩ ដល់ ៧៧ នាក់ ខណៈ អ្នកឆ្លងថ្មីចំនួន ៩៣០នាក់ទៀត ត្រូវបានគេរកឃើញ ក្នុងនោះ អ្នកឆ្លងជំងឺក្នុងសហគមន៍មានចំនួន ៩១៦នាក់ និងករណីនាំចូលមាន ១៤នាក់ ។
យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២១ បានឱ្យដឹងថា អ្នកស្លាប់ថ្មីគឺបុរសជនជាតិមីយ៉ាន់ម៉ា អាយុ ៣១ ឆ្នាំ។ លោក Panprapa Yongtrakul ជំនួយការអ្នកនាំពាក្យមជ្ឈមណ្ឌល គ្រប់គ្រងស្ថានភាពជំងឺកូវីដ១៩ បាននិយាយនៅថ្ងៃសៅរ៍ថា អ្នកស្លាប់មានជំងឺក្រិនថ្លើម ហើយជាមនុស្សប្រមឹក (ញៀនស្រា)។
សូមជម្រាបថា ក្នុងចំណោមអ្នកដែលឆ្លងជំងឺកូវីដ១៩ នៅប្រទេសថៃសរុបចំនួន ១៧ ៩៥៣ នាក់ ក្នុងនោះ ១១ ៥០៥ នាក់ (៦៤,០៨%) ត្រូវបានព្យាបាលឱ្យជាសះស្បើយ ចំណែកអ្នកជំងឺចំនួន ៦ ៣៧១ នាក់នៅតែបន្តសម្រាក នៅមន្ទីរពេទ្យ និងមានអ្នកស្លាប់កើនដល់ ៧៧ នាក់៕
ប្រែសម្រួលៈ ណៃ តុលា