ភ្នំពេញ៖ លោកបណ្ឌិត ឡី សុភាព ប្រធានសមាគម សហព័ន្ធ វិនិយោគកម្ពុជា និងជាប្រធានសហព័ន្ធ ធុរកិច្ចទីផ្សារបណ្តាញកម្ពុជា បានព្រមានក្រុមហ៊ុនធុរកិច្ចទីផ្សារ បណ្តាញទាំងឡាយណា ដែលរកស៊ីមិនត្រឹមត្រូវថា នឹងរាយការណ៍ទៅស្ថាប័នពាក់ព័ន្ធ ចុះពិនិត្យ ជាបន្តបន្ទាប់ តាមពេលវេលា និងកាលកំណត់ ដោយអាជ្ញាធរមានសមត្ថកិច្ច ។
ការព្រមាននេះធ្វើឡើង ក្នុងពិធីសម្ពោធ និងប្រកាស ទទួលស្គាល់ ក្រុមហ៊ុនសីហាផៅវ័រ រីច ជាសមាជិក ក្នុងសហព័ន្ធធុរកិច្ច ទីផ្សារបណ្តាញកម្ពុជា កាលពីល្ងាចថ្ងៃទី៣១ ឆ្នាំ២០២១ នៅភោជនីយដ្ឋានឌឺហ្រ្គេនតេរ៉ា ។
លោកបណ្ឌិត ឡី សុភាព បានលើកឡើងថា នៅដើមឆ្នាំថ្មីនេះ ពិនិត្យឃើញសមិទ្ធផលធំៗ របស់កម្ពុជា ក្រោមការដឹកនាំ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី មានស្ថេរភាពនយោបាយពេញផ្ទៃប្រទេស។ ក្នុងនោះចំពោះធុរកិច្ចទីផ្សារបណ្តាញ ជាអាជីវកម្មដែលស្របច្បាប់ ចំណែកឯអាជីវកម្ម ដែលខុសច្បាប់ គឺរាជរដ្ឋាភិបាល មិនអនុញ្ញាតឲ្យពោលគឺ ទូទាំងពិភពលោក មិនមែនតែកម្ពុជានោះទេ ហើយទូទាំងពិភពលោក អាជីវកម្មពីរ៉ាមីតនេះ គេមិនឲ្យធ្វើទេ ហើយប្រព័ន្ធពីរ៉ាមីតនេះ រយៈពេល២ឬ៣ឆ្នាំ គេឲ្យបិទហើយ ព្រោះខុសច្បាប់។ ពីរ៉ាមីតជាអាជីវកម្មខុសច្បាប់ គឺរាជរដ្ឋាភិបាល មិនអនុញ្ញាតឲ្យបើកទេ ។
ប្រធានសហព័ន្ធ ធុរកិច្ចទីផ្សារបណ្តាញកម្ពុជា មានប្រសាសន៍ថា “បើចង់ចូលទៅក្នុងក្រុមហ៊ុន ធុរកិច្ចទីផ្សារបណ្តាញ ដោយស្របច្បាប់ គឺក្រុមហ៊ុនណា ដែលធុរកិច្ចទីផ្សារ បណ្តាញប្រកាសទទួលស្គាល់ ហើយចម្លងជូន ដោយរាជរដ្ឋាភិបាលស្របច្បាប់ ទាំងក្រុមហ៊ុនដែលចុះបញ្ជី ស្របច្បាប់នៅក្រសួង និងទំនិញដែលចុះ នៅក្រសួងដែលពាក់ព័ន្ធ ស្របច្បាប់តាមគោលការណ៍ របស់រាជរដ្ឋាភិបាល ក្រុមហ៊ុនោះពិតជាក្រុមហ៊ុនត្រឹមត្រូវ។ ចំណែកក្រុមហ៊ុនណាមួយ ដែលមិនហ៊ានចុះបញ្ជី គឺមានអ្វីមិនប្រក្រតី នៅក្នុងនោះហើយ បងប្អូនកុំឆ្ងល់ពេក” ។
លោកថា យន្តការគ្រឹះ របស់ធុរកិច្ចទីផ្សារបណ្តាញ មានសសរស្តម្ភធំៗចំនួន៤ និងធាតុផ្សំចំនួន៣ គឺជាប្រភេទទីផ្សារបណ្តាញ អាជីវកម្មបែបប្រពៃណី ដែលនាំចូលនិងចែកចាយធម្មតា មានហ្វ្រេនឆាយ មានណិតវើកប្រព័ន្ធអេឡិកត្រូនិច និងបើកស៊ប(ហាង) ហើយទំនិញទាំងអស់ ត្រូវតែមានចុះបញ្ជីត្រឹមត្រូវ ហើយទើបអាចលក់ ក្នុងទីផ្សារបណ្តាញបាន។
លោកឡី សុភាព ថា “នេះជាសារមួយឲ្យទៅដល់ក្រុមហ៊ុន ធុរកិច្ចទីផ្សារបណ្តាញនាពេលនេះ យើងនឹងរាយការណ៍ទៅស្ថាប័ន ដែលពាក់ព័ន្ធចំពោះក្រុមហ៊ុនធុរកិច្ច ទីផ្សារបណ្តាញទាំងឡាយណា ដែលរកស៊ីមិនត្រឹមត្រូវ ខ្ញុំនឹងរាយការណ៍ ជូនថ្នាក់លើគ្រប់ ក្រុមហ៊ុនទាំងអស់ នឹងត្រូវចុះឆែកក្នុងពេលបន្តបន្ទាប់ តាមពេលវេលានិងកាលកំណត់ នៃអាជ្ញាធរដែនដី ដែលសមត្ថកិច្ចទាំងអស់” ។
សូមរំលឹកដែរថា ការចូលជាសមាជិក របស់ក្រុមហ៊ុនសីហាផៅវ័រ រីច ទៅក្នុងសហព័ន្ធធុរកិច្ច ទីផ្សារបណ្តាញកម្ពុជា បានបញ្ហាញឲ្យឃើញ នូវសមទ្ធផលថ្មីមួយ និងទិសដៅរួម ដែលសមាគមកំពុងរៀបរៀង និងបណ្តុះបណ្តាល ឲ្យអ្នករកស៊ីលើវិស័យទីផ្សារបណ្តាញ ប្រកបដោយវិជ្ជាជីវៈ គោរពគោលការណ៍ច្បាប់ និងគិតគូរដល់សុភាព ដល់អ្នកប្រើប្រាស់ ជាពិសេសអ្នកទទួលសេវាតែម្តង៕ ដោយ៖ ដារាត់