ភ្នំពេញ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាព ចរាចរណ៍ផ្លូវគោក បានចេញបទបញ្ជាឲ្យចុះត្រួតពិនិត្យ ករណីរថយន្តពន្លត់អគ្គីភ័យទៅដល់កន្លែងឆេះ ហើយមិនបាញ់ទឹកពន្លត់ ឆ្លៀតនៅតថ្លៃ ជាមួយម្ចាស់ផ្ទះ។
សម្ដេចក្រឡាហោម លើកឡើងបែបនេះ ក្រោយពីមានមន្ត្រីពន្លត់អគ្គីភ័យមួយចំនួន បានទៅដល់កន្លែងកើតហេតុហើយ មិនធ្វើសកម្មភាពបាញ់ពន្លត់ភ្លើង បែរជានៅតថ្លៃជាមួយម្ចាស់ផ្ទះ ដើម្បីទាមទារលុយកាក់។
សូមជម្រាបថា យោងតាមរបាយការណ៍ នាយកដ្ឋានបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះនៃក្រសួងមហាផ្ទៃ បានបញ្ជាក់ថា នៅឆ្នាំ២០២០ គ្រោះអគ្គិភ័យ បានកើតឡើងចំនួនប្រមាណ ៩៣៧ករណី បណ្ដាលឲ្យមនុស្ស ២៤នាក់ស្លាប់ និង រងរបួស៣៦នាក់។
ក្នុងពិធីទិវាអន្តរជាតិរំលឹកដល់ ជនរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក លើកទី១៥ នៅខេត្តកណ្ដាល នាថ្ងៃ ទី២ ខែកុម្ភៈ ឆ្នាំ២០២១ សម្តេច ស ខេង ស្នើទៅដល់គណៈបញ្ជាការឯកភាពរាជធានី-ខេត្ត ត្រូវចុះត្រួតពិនិត្យ និងត្រូវលុបបំបាត់ករណីមិនប្រក្រតី ខាងលើឲ្យទាន់ពេលវេលា។
សម្ដេច មានប្រសាសន៍ថា «ឡានទៅដល់ហើយបញ្ឈរច្រូង នៅកន្លែងកើតហេតុហ្នឹងតែអត់ទាន់បាញ់ទេ។ មានភ្លើងផ្លឹបផ្លេតនៅហ្នឹង ឡានព្រោងព្រាត អត់ទាន់បាញ់នៅតថ្លៃគ្នាសិន។ ឃើញទេ អានេះដែលចង់និយាយថា សមត្ថកិច្ចយើងខុសហើយ ប្រតិបត្តិករយើងខុសហើយ មិនត្រូវទេ។ អ៊ីចឹងហើយបានថាគ្រប់កន្លែង ជាពិសេសទីប្រជុំជនទីក្រុង គឺត្រូវមើលអាហ្នឹង។ មានឡាន ឡានរបស់រដ្ឋ ប្រេងរបស់រដ្ឋ លោកស៊ីប្រាក់ខែរដ្ឋ ការពិតហើយជួនគ្នាប្រាក់ខែតិចតួច យើងយល់បញ្ហាហ្នឹង យើងត្រូវមានគោលនយោបាយលើកទឹកចិត្ត។ ប៉ុន្តែបងប្អូនមិនត្រូវបំពេញបេសកកម្ម ដោយយកអាហ្នឹងធ្វើអាជីវកម្មផ្ទាល់ខ្លួនទេ អាហ្នឹងវាអត់ត្រូវទេ ខុស។ សូមឱ្យគណៈបញ្ជាការរាជធានី-ខេត្តទាំងអស់យកចិត្តទុកដាក់ ដើម្បីត្រួតពិនិត្យបញ្ហាហ្នឹង ដោះស្រាយបញ្ហាហ្នឹងកុំឱ្យវាមាន»។
សម្តេចបន្ដថា «យើងសុខចិត្តថា ត្រូវថែមប្រាក់ឧបត្ថម្ភ ឬប្រាក់លើកទឹកចិត្ត ក្នុងករណីមួយៗទៅវិញ កុំទៅតថ្លៃ។ តថ្លៃយ៉ាងម៉េច? គ្នាកំពុងរងគ្រោះ ភ្លើងវាឆេះផ្ទះ ទៅតថ្លៃថាប៉ុណ្ណេះមក បានយើងបាញ់ឱ្យអាហ្នឹងមិនងាប់គ្នាទៀតហើយ បានលុយពីណាឱ្យ បើលុយវានៅក្នុងភ្លើងអស់ហើយ»៕