ព័ត៌មានជាតិ

កងយោធាមួកខៀវកម្ពុជា ជិត២០០នាក់បំពេញ បេសកកម្មនៅលីបង់ វិលត្រឡប់មកដល់ មាតុប្រទេសយប់មិញ

ភ្នំពេញ ៖ កងយោធាមួកខៀវកម្ពុជា ចំនួន១៨៤នាក់ (នារី២៤នាក់) ក្នុងកងឯកភាពអនុសេនាធំ វិស្វកម្មពហុជំនាញលេខ៣៩៦ បានមាតុភូមិនិវត្តមកដល់មាតុ ប្រទេសវិញហើយ នារំលងអធ្រាតនៃថ្ងៃទី១ឈានចូលថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២១ បន្ទាប់ពីបានបញ្ចប់ បេសកកម្មអង្គការសហប្រជាជាតិ ដោយជោគជ័យក្នុងរយៈពេល១ឆ្នាំ ក្នុងតំបន់បេសកកម្មនៅ សាធារណរដ្ឋលីបង់។

នាយឧត្តមសេនីយ៍សែម សុវណ្ណនី អនុប្រធានគណៈ កម្មាធិការជាតិនិងជាអគ្គនាយមជ្ឈមណ្ឌលជាតិ បានថ្លែងក្នុងឱកាស ទទួលស្វាគមន៍នោះថា កងយោធាមួកខៀវកម្ពុជា ត្រូវយកចិត្តគោរពឲ្យបានខ្ជាប់ខ្ជួន នូវវិធានរបស់ក្រសួងសុខាភិបាល ដើម្បីជៀសផុតពីជំងឺកូវីដ-១៩ ដើម្បីសំដៅធានាបានសុខភាពល្អ ប្រសើរផ្ទាល់ខ្លួន ក្រុមគ្រួសារនិងសង្គមជាតិ។

ទន្ទឹងនោះដែរ កងយោធាមួកខៀវទាំងអស់ ក៏ត្រូវបានក្រុមគ្រូពេទ្យប្រចាំ មជ្ឈមណ្ឌលជាតិរក្សាសន្តិភាព និងក្រុមគ្រូពេទ្យក្រសួងសុខាភិបាលយកវត្ថុសំណាក ដើម្បីធ្វើតេស្តរកជំងឺកូវីដ-១៩ មុនពេលបន្តដំណើរតាមក្បួនរថយន្តឆ្ពោះ ទៅកាន់វិទ្យាស្ថានរក្សាសន្តិភាពឧដុង្គ ជាទីដែលត្រូវស្នាក់អាស្រ័យធ្វើចត្តាឡីស័ករយៈ ពេល១៤ថ្ងៃ៕

To Top