ព័ត៌មានអន្តរជាតិ

កងទ័ពបរទេស នៅស្ថិតនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ហួសកាលកំណត់ក្នុងខែឧសភា

បរទេស៖ មន្ត្រីណាតូជាន់ខ្ពស់ ៤រូប បាននិយាយថា កងទ័ពអន្តរជាតិ គ្រោងនឹងស្ថិតនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ហួសកាលផុតកំណត់ក្នុងខែឧសភា ដែលមានចែងក្នុងកិច្ចព្រមព្រៀង របស់ពួកតាលីបង់ជាមួយសហរដ្ឋអាមេរិក ហើយនេះជាសកម្មភាពមួយ ដែលអាចបង្កឲ្យមានភាពតានតឹងកើនឡើង ជាមួយពួកតាលីបង់ ដែលទាមទារឲ្យមានការដកទ័ពទាំងស្រុង។

យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Us News នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២១ បានឲ្យដឹងថា ក្នុងចំណោមមន្ត្រីទាំង៤រូបនោះ មន្ត្រីមួយរូប បាននិយាយប្រាប់សារព័ត៌មានយ៉ាងដូច្នេះថា “គ្មានការដកកងទ័ពទាំងស្រុង ធ្វើឡើងដោយសម្ពន្ធមិត្ត នៅចុងខែមេសានោះទេ”។

ដោយថ្លែងក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ ព្រោះជាបញ្ហារសើប មន្ត្រីរូបនោះ បានបន្តទៀតថា “លក្ខខណ្ឌនានា មិនត្រូវបានបំពេញតាម ហើយជាមួយនឹងរដ្ឋបាលអាមេរិកថ្មី នឹងមានការកែប្រែតិចតួច ក្នុងគោលនយោបាយ ពាក់ព័ន្ធការដកទ័ពឆាប់រហ័ស ដែលជាទូទៅនឹងត្រូវដោះស្រាយ ហើយយើងអាចមើលឃើញយុទ្ធសាស្ត្រ ដកចេញដែលបានគណនាកាន់តែច្រើនឡើង”។

គួរបញ្ជាក់ថា រដ្ឋបាលអតីតប្រធានាធិបតី ដូណាល់ ត្រាំ បានចុះហត្ថលេខាជាមួយពួកតាលីបង់ នៅដើមឆ្នាំមុន ស្នើឲ្យដកកងទ័ពបរទេសទាំងអស់ នៅត្រឹមខែឧសភា ដើម្បីជាថ្នូរឲ្យពួកបះបោរបំពេញ នូវការធានាសន្តិសុខពិតប្រាកដ ៕

ប្រែសម្រួល៖ ប៉ាង កុង

To Top