ភ្នំពេញ៖ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានប្រកាសទុកពេល ឲ្យអាជីវករទាំងអស់ ដែល បានសង់រំលោភលើ ដីចំណីឆ្នេរសាធារណៈ ស្ថិតនៅចំណុចពីយយាយម៉ី និងឆ្នេរតាបារាំង ក្នុងភូមិឫទ្ធី២ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុចំនួន ២៧ថ្ងៃ ដើម្បីរុះរើសំណង់ និងការងារផ្សេងៗចេញឲ្យអស់ ។

តាមរយៈសេចក្ដីជូនដំណឹង របស់រដ្ឋបាលខេត្តព្រះសីហនុ នៅថ្ងៃទី២ កុម្ភៈនេះ លោក គួច ចំរើន បានថ្លែងថា ពលរដ្ឋកំពុងរស់នៅ និងប្រកបអាជីវកម្មត្រង់ចំណុចពីយយាយម៉ី និងឆ្នេរតាបារាំង ក្នុងភូមិឫទ្ធិ២ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ គឺស្ថិតនៅលើដីចំណីឆ្នេរសាធារណៈរបស់រដ្ឋ ដែលធ្វើឲ្យប៉ះពាល់ដល់បរិស្ថាន អនាម័យ សណ្តាប់ធ្នាប់ និងសោភ័ណភាពឆ្នេរ។
លោក គួច ចំរើន បញ្ជាក់ថា «រដ្ឋបាលខេត្តព្រះសីហនុ សូមជូនដំណឹងដល់លោក លោកស្រី ត្រូវរុះរើសំណង់ និងការ្យផ្សេងៗ ដែលបានសង់នៅលើដី ចំណីឆ្នេរសាធារណៈរបស់រដ្ឋ ស្ថិតនៅចំណុចព្យយាយម៉ី និងឆ្នេរបារាំង ចាប់ពីថ្ងៃចេញសេចក្តីជូនដំណឹងនេះ រហូតដល់ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២១ ជាកំហិត» ។
លោកអភិបាលខេត្តសង្កត់ធ្ងន់ថា ក្នុងករណីមិនរុះរើទេ រដ្ឋបាលខេត្តព្រះសីហនុ នឹងសហការជាមួយគណៈ បញ្ជាការឯកភាព រដ្ឋបាលស្រុកស្ទឹងហាវ ចុះអនុវត្តវិធានការរដ្ឋបាល និងវិធានការច្បាប់ ដោយ មិនទទួលខុសត្រូវរាល់ ការខូចខាតសម្ភារៈ ឬបាត់បង់ទ្រព្យសម្បត្តិរបស់បងប្អូនឡើយ ៕


