ព័ត៌មានជាតិ

ស្នងការរាជធានីភ្នំពេញ ឲ្យនគរបាលណែនាំពលរដ្ឋ មកពីជនបទដែលជិះល្មើសច្បាប់ ពុំគួរផាកពិន័យខ្លាំងទេ

ភ្នំពេញ ៖ លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលាជធានីភ្នំពេញ បានផ្ញើសារទៅកាន់មន្រ្តីចរាចរណ៍ នៅទូទាំងរាជធានីឲ្យអប់រំ ណែនាំដល់ប្រជាពលរដ្ឋណា ដែលមកពីទីជនបទជិះល្មើសច្បាប់ ដោយពុំគួរពិន័យខ្លាំងពេកនោះទេ។

អនុសាសន៍ផ្តាំផ្ញើនេះធ្វើឡើង ក្នុងពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរសក្តិ ជូនមន្ត្រីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃ ២ កុម្ភៈ។

លោក ស ថេត បានថ្លែងថា គ្រប់មន្ត្រីប្រចាំការតាមគ្រប់គោល ត្រូវមានភារកិច្ចជួយសម្រួលចរារណ៍ ដើម្បីកាត់បន្ថយការកកស្ទះ ។

លោកថា “ជាពិសេសនៅពេល ដែលអនុវត្តន៍ច្បាប់ចរារណ៍ ត្រូវតែប្រើកាយវិការឲ្យបានសមរម្យ ហើយប្រសិនបើ ឃើញប្រជាពលរដ្ឋដែលមកពីជនបទ ដែលគាត់បានបើកបរល្មើសច្បាប់ផ្សេងៗ មិនគួរផ្តោត តែលើការផាកពិន័យខ្លាំងពេកទេ ត្រូវផ្តោតទៅលើវិធានការណែនាំអប់រំ”។ លោកស្នងការបន្ថែមថា ព្រោះពេលខ្លះគាត់ទើបមក ទីក្រុងជាលើកទី១ ។

ប្រសាសន៍ដ៏មានន័យ របស់ស្នងការរាជធានីភ្នំពេញនេះ ពិតជាទទួលបានការសាទរ ពីប្រជាពលរដ្ឋជាមិនខានឡើយ ព្រោះកន្លងមកសង្កេតឃើញថា មានការផាកពិន័យ លើពលរដ្ឋមានជីវភាពក្រីក្រ និងអ្នកជិះម៉ូតូចាស់ៗ ច្រើនជាងការអប់រំ៕

To Top