ព័ត៌មានអន្តរជាតិ

លោក បៃដិន គម្រាមដាក់ទណ្ឌកម្ម ក្រោយរដ្ឋប្រហារនៅមីយ៉ានម៉ា

បរទេស៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន នៅថ្ងៃចន្ទសប្ដាហ៍នេះ បានគម្រាមដាក់ទណ្ឌកម្មជាថ្មី លើប្រទេសមីយ៉ានម៉ា ក្រោយមានរដ្ឋប្រហារធ្វើឡើង ដោយថ្នាក់ដឹកនាំយោធា និងបានស្នើឲ្យមានការឆ្លើយតបអន្តរជាតិ ដើម្បីដាក់សម្ពាធពួកគេ ឲ្យចុះចេញពីអំណាច។

លោក បៃដិន បានថ្កោលទោសដណ្ដើមអំណាចរបស់យោធា ពីរដ្ឋាភិបាដឹកនាំដោយជនស៊ីវិល នៅថ្ងៃចន្ទ និងការឃុំខ្លួនមេដឹកនាំជាប់ឆ្នោត លោកស្រី អ៊ុង សានស៊ូជី ថាជាការវាយប្រហារត្រង់ៗ ចំពោះការផ្លាស់ប្តូររបស់ប្រទេស ទៅរកលទ្ធិប្រជាធិបតេយ្យ និងក្រឹតក្រមនៃច្បាប់។

គួរបញ្ជាក់ថា វិបត្តិមីយ៉ានម៉ា គឺជាការធ្វើតេស្តសាកល្បងដ៏ធំដំបូងគេ ចំពោះការប្តេជ្ញារបស់លោក បៃដិន ដើម្បីធ្វើសហការគ្នាបន្ថែមទៀត ជាមួយសម្ព័ន្ធមិត្ត ក្នុងភាពលំបាកជាអន្តរជាតិ ជាពិសេសនោះ លើឥទ្ធិពលកំពុងតែកើនខ្លាំងឡើង របស់ប្រទេសចិន ដែលផ្ទុយពីវិធីសាស្ត្រ “អាមេរិកមុនគេ” របស់អតីតប្រធានាធិបតី ដូណាល់ ត្រាំ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ លោក បៃដិន បានមានប្រសាសន៍ថា “សហគមន៍អន្តរជាតិ គួរតែរួបរួមគ្នា ក្នុងសម្លេងមួយជំរុញឲ្យយោធាភូមា ចុះចេញពីអំណាច ដែលពួកគេដណ្ដើមយកមកភ្លាម ដោះលែងសកម្មជននិងមន្ត្រីនានា ដែលពួកគេបានចាប់ឃុំខ្លួន”៕ ប្រែសម្រួល៖ប៉ាង កុង

To Top