ភ្នំពេញ ៖ លោកស្រី ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ចបានថ្លែងថា វិស័យអធិការកិច្ច គឺជាវិស័យ ដែលមិនអាចខ្វះបាន ព្រោះធ្វើជាសេនាធិការឲ្យរាជរដ្ឋាភិបាល សំដៅទប់ស្កាត់បាតុភាព អសកម្ម អំពើពុករលួយ និងការរំលោភដោយអំណាច ដើម្បីបំរើប្រជាពលរដ្ឋ និងបង្កើនជំនឿ ជៀជាក់មកលើ រាជរដ្ឋាភិបាល ។
នេះជាការថ្លែង របស់លោកស្រី ក្នុងពិធីបិទសន្និបាតបូក សរុបលទ្ធផលការងារ ប្រចាំឆ្នាំ២០២០ និងទិសដៅការងារឆ្នាំ ២០២១ របស់ក្រសួង នាល្ងាចថ្ងៃ២ កុម្ភៈ។
លោកស្រីបន្តថា ជាពិសេស តម្រូវឲ្យមន្ត្រីអធិការកិច្ច ត្រូវបន្តពង្រឹងសមត្ថភាព ដើម្បីផ្តល់សេវាប្រកប ដោយប្រសិទ្ធភាព ដើម្បីជំរុញតម្លាភាព និងគណនេយ្យភាព និងរៀបចំអនុវត្តយុទ្ធសាស្ត្រ អភិវឌ្ឍសមត្ថភាពឲ្យ បានទូលំទូលាយ ដោយឈរលើគោលការណ៍ស្មោះត្រង់ និងយុត្តិធម៌ ដើម្បីធានានូវប្រសិទ្ធភាព នៃសេវា សាធារណៈកាន់តែប្រសើរឡើង ។
លោកស្រីឧបនាយករដ្ឋមន្រ្តី បានឲ្យដឹងទៀតថា ក្រសួងក៏បានតម្លើងកម្មវិធី ទទួលពាក្យបណ្តឹងអនឡាញ និងបណ្ណាល័យអេឡិចត្រូនិក (អ៊ីបណ្ណាល័យ) ដែលប្រជាពលរដ្ឋ អាចនឹងដាក់ពាក្យបណ្តឹង និងមើលឯកសារច្បាប់នានា តាមកុំព្យូទ័រ និងទូរស័ព្ទដៃបាន យ៉ាងងាយស្រួល នៅក្នងដំណាក់កាល នៃកាវិវត្តន៍ វិស័យឌីជីធល និងដើម្បីបំរើសេវាកម្ម កាន់តែល្អប្រសើរជូនប្រជាពលរដ្ឋ ៕