ភ្នំពេញ៖ លោក តាន់ វុទ្ធា អ្នកតាមដានស្ថានការណ៍ នយោបាយអន្តរជាតិបានបានលើកឡើងថា ចិនកំពុងទ្បោមព័ទ្ធឥណ្ឌា និងបំផ្លាញចោលផែនការអាមេរិក។
តាមរយៈគេហទំព័រហ្វេសប៊ុក របស់ខ្លួននៅថ្ងៃទី៣ កុម្ភៈនេះ លោក តាន់ វុទ្ធា បានវិភាគនិងពន្យល់បន្ថែមថា ឆ្លៀតពេលដែលសហរដ្ឋអាមេរិក កំពុងវេទនារើខ្លួនមិនរួចដោយសារ Covid 19, ប្រទេសចិនបានរុញក្រទ្បាអុក នៃយុទ្ធសាស្រ្តឆ្ពោះទៅរកមហាអំណាចសមុទ្រ «Building China into a Sea Power Nation» មួយក្រលាទៀតរបស់ខ្លួន ដោយបំផ្លាញចោលយុទ្ធសាស្រ្ត Indo-Pacific របស់អាមេរិក និងសម្ព័ន្ធមិត្ត។
លោក តាន់ វុទ្ធា បានបកស្រាយបន្តថាចិនចាប់ភូមាជាប់ គឺស្មើនឹងចិនបានបំផ្លាញចោលយុទ្ធសាស្រ្ត Indo-Pacific របស់អាមេរិក បានពាក់កណ្តាល។ ក្តោបភូមាបាន, ចិនចំណេញផលប្រយោជន៏បី ក្នុងពេលតែមួយ គឺ:
ទី១. ចិនកក់ក្តៅជាងមុន ដោយសារមានផ្លូវដឹកជញ្ជូនប្រេងឆៅ និងឧស្ម័ន ដែលកាត់បន្ថយសម្ពាធពីអាមេរិកនៅច្រក Malacca, ខណៈផែនការជីកទន្លេក្រា (Kra Canal) ក្នុងប្រទេសថៃស្ថិតនៅលើក្រដាសនៅទ្បើយ។
ទី២. ចិនបានផ្តាច់អំណាចឥណ្ឌាចោលទាំងស្រុង នៅសមុទ្រAndaman និងសមុទ្រ Bengal ដោយមិនអោយឥណ្ឌាឆ្លងមកតំបន់អាស៊ីអាគ្នេយ៏បាន ។ យុទ្ធសាស្រ្តនេះ ចិនបានបំផ្លាញចោលពាក់កណ្តាលរួចទៅហើយ នូវយុទ្ធសាស្រ្ត Indo-Pacific របស់ស់អាមេរិក ដែលមានអាមេរិក ឥណ្ឌា អូស្រ្តាលី និងជប៉ុនជាមេធំ។
ទី៣. ចិនបង្កើតបាននូវខ្សែក្រវ៉ាត់សុវត្ថិភាព (Safety Network) ទ្បោមព័ទ្ធឥណ្ឌា គ្រប់ទិស ដោយមាន ចិន និង Nepal (ព័ទ្ធពីខាងជើង), Srilanka (ព័ទ្ធពីអាគ្នេយ៏), Bangladesh (ព័ទ្ធពីខាងកើត) និងសម្ព័ន្ធមិត្ត Pakistan ទ្បោមព័ទ្ធពីទិសខាងលិច។ ប្រទេសទាំងនេះសុទ្ធតែជា សត្រូវជាមួយឥណ្ឌារឿងទឹកដី។ ពួកគេ មិនដែលខ្លាចចិនទេ គឺមានតែខ្លាចឥណ្ឌាលេបទឹកដីរបស់ពួកគេ៕