ព័ត៌មានអន្តរជាតិ

ប៉ូលីសមីយ៉ាន់ម៉ា ប្តឹងលោកស្រី អ៊ុងសាន ស៊ូជី ពីបទប្រើវិទ្យុទាក់ទងដោយខុសច្បាប់ បន្ទាប់ពីរកឃើញនៅក្នុងផ្ទះលោកស្រី

បរទេស៖ យោងតាមឯកសាររបស់ប៉ូលីស ដែលត្រូវបានគេមើលឃើញនៅថ្ងៃពុធនេះ គឺប៉ូលីសបានដាក់ការចោទប្រកាន់ប្រឆាំងនឹង មេដឹកនាំដែលត្រូវបានបណ្តេញចេញ គឺលោកស្រីអ៊ុងសានស៊ូជី ពីបទរំលោភបំពានច្បាប់ នាំចេញនាំចូល និងស្វែងរកការឃុំខ្លួនលោកស្រីរហូតដល់ថ្ងៃទី ១៥ ខែកុម្ភៈ។

យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២១ បានឱ្យដឹងថា ឯកសារពីស្ថានីយ៍ប៉ូលីសមួយ នៅក្នុងរដ្ឋធានីណៃពិដោ បានបញ្ជាក់ថា មន្រ្តីយោធាដែលបានឆែកឆេរ លំនៅដ្ឋានរបស់លោកស្រីស៊ូជី បានរកឃើញវិទ្យុទាក់ទង ដែលត្រូវបាននាំចូលដោយខុសច្បាប់ និងប្រើប្រាស់ដោយគ្មានការអនុញ្ញាត។

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក របស់ប្រទេសមីយ៉ាន់ម៉ាឈ្មោះ Mizzima បានផ្សាយដោយដកស្រង់ប្រភព មិនស្គាល់អត្តសញ្ញាណនៅឯតុលាការថា លោកស្រីស៊ូជី អាចប្រឈមមុខនឹងការ ជាប់ពន្ធនាគាររយៈពេល ៣ ឆ្នាំប្រសិនបើត្រូវបានផ្តន្ទាទោស ចំណែក អតីតប្រធានាធិបតី លោក Win Win ត្រូវបានចោទប្រកាន់ដាច់ដោយឡែក ពីគ្នាពីបទរំលោភបំពានច្បាប់គ្រប់គ្រង គ្រោះមហន្តរាយធម្មជាតិ និងប្រឈមនឹងការពិន័យដូចគ្នា ៕

ប្រែសម្រួលៈ ណៃ តុលា

To Top