ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានឲ្យដឹងថា វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ចំនួន៦០ម៉ឺនដូសជាជំនួយរបស់ចិន ក្នុងដំណាក់កាលទី១ នឹងត្រូវបានដឹកមកដល់ ព្រះរាជាណាចក្រកម្ពុជានៅថ្ងៃអាទិត្យ ទី ៧ ខែកុម្ភ: ឆ្នាំ ២០២១ខាងមុខនេះ។
តាមរយ:សារសំឡេងរបស់សម្ដេច ក្នុងតេឡេក្រាមនៅថ្ងៃទី៤ ខែកុម្ភ: ឆ្នាំ ២០២១នេះ បានឲ្យដឹងថា សម្ដេចនឹងអញ្ជើញទៅទទួលវ៉ាក់សាំង នៅព្រលានយន្តហោះអន្តរជាតិពោធិ៍ចិនតុង។
ទន្ទឹមនេះ សម្តេចតេជោ ហ៊ុន សែន នឹងចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩មុនគេ ដោយសម្តេចតេជោ បានកំណត់យកថ្ងៃពុធ ទី១០ ខែកុម្ភ: ឆ្នាំ ២០២១ ជាថ្ងៃ ចាក់ វ៉ាក់ សាំង នៅមន្ទីរពេទ្យកាល់ម៉ែត្រ ។
សូមរំលឹកថា គិតត្រឹមព្រឹកថ្ងៃទី៤ កុម្ភ:នេះ កម្ពុជា បានរកឃើញអ្នកឆ្លងកូវីដ១៩ ចំនួន៤៦៧នាក់ ក្នុងនោះអ្នកជាសះស្បើយចំនួន ៤៥១នាក់ និងអ្នកកំពុងសម្រាកព្យាបាលចំនួន ១៦នាក់ ៕