បរទេស ៖ ប្រទេសចិន តាមសេចក្តីរាយការណ៍ បាននិយាយប្រាប់ថា ខ្លួនបានធ្វើតេស្តសាកល្បងប្រព័ន្ធបាញ់ ទម្លាក់មីស៊ីលវាយប្រហារ ក្នុងរយៈចម្ងាយមធ្យមមានមូលដ្ឋាន នៅលើគោក នៅតាមតំបន់ព្រំដែន ដោយអះអាងថា ការធ្វើតេស្តនោះ មិនផ្តោតគោលដៅលើ ប្រទេសណាមួយនោះទេ ។
ទីភ្នាក់ងារសារព័ត៌មានចិន Global Times បានរាយការណ៍នៅថ្ងៃព្រហស្បតិ៍ម្សិលមិញនេះថា ក្រសួងការពារជាតិរបស់ទីក្រុងប៉េកាំង បាននិយាយប្រាប់នៅលើ គេហទំព័ររបស់ខ្លួនថា ការធ្វើតេស្តសាកល្បង ប្រព័ន្ធប្រឆាំងមីស៊ីលផ្លោង បានសម្រេចគោលដៅ ដែលចង់បាន ។
យោងទៅតាមបណ្ដាញសារព័ត៌មានចិន CGTN បានឲ្យដឹងថា យោធាចិនបាននិយាយថា ការធ្វើតេស្តសាកល្បងនេះ គឺជាមធ្យោបាយការពារ និងមិនមានបំណងផ្តោតលើ ប្រទេសណាមួយនោះទេ ។
គួរបញ្ជាក់ថា ការសម្រេចចិត្តរបស់ចិន បង្ហាញនូវការតេស្តសាកល្បង ប្រព័ន្ធការពារមីស៊ីល ដែលជាការធ្វើតេស្តប្រព័ន្ធបាញ់ទម្លាក់មីស៊ីល លើកទី៥ក្នុងប្រទេសនេះ គឺត្រូវបានធ្វើឡើង ក្រោយក្រសួងការបរទេស អាមេរិកនិយាយថា ចិនគួរតែបន្ធូរបន្ថយសម្ពាធយោធា ការទូតនិងសេដ្ឋកិច្ច ទៅលើតៃវ៉ាន់ និងជំនួសមកវិញ ដោយការចូលរួមក្នុងកិច្ចពិភាក្សា ប្រកបដោយអត្ថន័យជាមួយថ្នាក់ដឹកនាំតៃវ៉ាន់។
ប្រែសម្រួល៖ប៉ាង កុង