ព័ត៌មានជាតិ

រាជរដ្ឋាភិបាល ណែនាំ ក្រសួង-ស្ថាប័នពាក់ព័ន្ធ ត្រូវផ្សព្វផ្សាយ ទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៣ ឲ្យបានទូលំទូលាយ

ភ្នំពេញ ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានធ្វើការ ណែនាំ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ត្រូវសហការជាមួយបណ្ដាក្រសួង-ស្ថាប័ន អាជ្ញាធរដែនដី អង្គការជាតិ-អន្ដរជាតិ សមាគម ដៃគូអភិវឌ្ឍ និងវិស័យឯកជ នដែលកំពុងប្រតិបត្តិលើវិស័យវប្បធម៌ ដើម្បីរួមគ្នាផ្សព្វផ្សាយវប្បធម៌ តាមរយៈប្រព័ន្ធផ្សព្វផ្សាយឲ្យបានទូលំទូលាយ ក្នុងគោលបំណង អបអរសាទរទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៣ ឆ្នាំ២០២១។

យោងតាមសារាចរណែនាំរបស់ រាជរដ្ឋាភិបាល នាពេលថ្មីៗ បានឲ្យដឹងថា «ទិវាវប្បធម៌ជាតិ ៣មីនា ជាទិវាដ៏មានសារៈសំខាន់មួយរបស់ប្រជាជាតិ ក្នុងការរំលឹកដល់គុណូបការៈចំពោះ បុព្វបុរស នៃយើង ដែលបានបន្សល់ទុកនូវមរតកវប្បធម៌ ដ៏សម្បូរបែបដែលមិនអាចកាត់ថ្លៃបាន សម្រាប់កូនចៅជំនាន់ ក្រោយនិងជាទិវាបំផុស នូវស្មារតីស្រឡាញ់វប្បធម៌ ទំនៀមទម្លាប់ ប្រពៃណីជាតិ ពីសំណាក់ប្រជាពលរដ្ឋ ជាពិសេស យុវជនបន្តវេន ដែលមានកាតព្វកិច្ចត្រូវចូលរួមថែរក្សា ការពារនូវសម្បត្តិវប្បធម៌ជាតិ និងវប្បធម៌ចម្រុះនៃសហគមន៍ ជនជាតិដើមនៅព្រះរាជាណាចក្រកម្ពុជា ឱ្យស្ថិតស្ថេរគង់វង្សតរៀងទៅ»។

ប្រភពដដែល បន្ដថា ផ្អែកតាមបរិបទខាងលើនិងដោយយល់ថា វប្បធម៌គឺជាព្រលឹងជាអត្តសញ្ញាណជាតិ និងជាស៊ីម៉ង់ត៍រស់ សម្រាប់ផ្សារភ្ជាប់ទំនាក់ទំនងពីបុគ្គលម្នាក់ទៅបុគ្គលម្នាក់ ពីសហគមន៍មួយទៅសហគមន៍មួយ ពីប្រទេសមួយទៅ ប្រទេសមួយ ដែលជាមធ្យោបាយនាំមកនូវសាមគ្គីភាព សន្តិភាព និងសុខដុមភាព សម្រាប់ប្រជាជាតិទាំងមូលស្រប តាមទិសស្លោក «កម្ពុជា៖ ព្រះរាជាណាចក្រនៃវប្បធម៌» ទើបរាជរដ្ឋាភិបាល នៃកម្ពុជា សម្រេចឱ្យរៀបចំទិវាវប្បធម៌ជាតិ ៣មីនា រៀងរាល់ឆ្នាំ រហូតមក ហើយលើកនេះគឺជាលើកទី២៣ ឆ្នាំ២០២១ ដោយ រក្សានូវប្រធានបទដដែលដូចឆ្នាំ២០២០ គឺ «យុវជនដើម្បីវប្បធម៌ជាតិ» ៕

To Top