ព័ត៌មានអន្តរជាតិ

ក្រុមប្រឹក្សាសន្ដិសុខយូអិន អំពាវនាវឲ្យដោះលែង មេដឹកនាំនយោបាយ នៅមីយ៉ាន់ម៉ា ក្រោយរដ្ឋប្រហារយោធា ០១ កុម្ភៈ

យូអិន៖ ក្រុមប្រឹក្សាសន្តិសុខអង្គការ សហប្រជាជាតិ បានអំពាវនាវឱ្យមានការដោះលែងជាបន្ទាន់ នូវអ្នកដែលត្រូវបានឃុំខ្លួនទាំងអស់ រួមទាំងមេដឹកនាំមីយ៉ាន់ម៉ាលោកស្រី អ៊ុងសាន ស៊ូជី បន្ទាប់ពីមានរដ្ឋប្រហារ យោធាមួយនៅដើមសប្តាហ៍នេះ នៅក្នុងប្រទេសអាស៊ីអាគ្នេយ៍មួយនេះ។

សមាជិកនៃក្រុមប្រឹក្សាសន្តិសុខ បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះការប្រកាសអំពីស្ថានភាពអាសន្ន ដែលត្រូវបានដាក់នៅក្នុងប្រទេសមីយ៉ាន់ម៉ា ដោយយោធា កាលពីថ្ងៃទី០១ ខែកុម្ភៈ និងការឃុំខ្លួនដោយខុសច្បាប់លើសមាជិករដ្ឋាភិបាល រួមទាំងទីប្រឹក្សារដ្ឋលោកស្រី អ៊ុងសាន ស៊ូជី និងប្រធានាធិបតីលោក Win Myint និងអ្នកដទៃទៀត។

មួយថ្ងៃបន្ទាប់ពីរដ្ឋប្រហារយោធា ក្រុមប្រឹក្សាសន្តិសុខ បានបើកកិច្ចប្រជុំបិទទ្វារ ដើម្បីពិភាក្សាពីស្ថានភាពនេះ។ យោងតាមប្រភពការទូតបានឲ្យដឹងថា ប្រទេសអង់គ្លេស ដែលធ្វើជាប្រធានប្ដូរវេននៃសម័យប្រជុំនេះ មិនអាចដឹកនាំក្រុមប្រឹក្សាទៅជាសាររួមមួយនៃការថ្កោលទោសរដ្ឋប្រហារនោះទេ ខណៈដែលប្រទេសចិន និងរុស្ស៊ី បានស្នើសុំពេលវេលាបន្ថែមទៀត ដើម្បីវាយតម្លៃបញ្ហានេះ។

នៅពេលការចរចាបន្ថែមទៀត ក្នុងចំណោមប្រទេសជាសមាជិកទាំង ១៥ បានបន្តប្រទេសចិន បានស្វែងរកការផ្លាស់ប្តូរពាក្យ របស់សេចក្តីថ្លែងការណ៍ ហើយទីបំផុតក្រុមប្រឹក្សាសន្តិសុខ បានយល់ព្រមចេញសេចក្តីប្រកាសព័ត៌មានមួយ ដោយលុបចោលនូវការបញ្ចេញ មតិខ្លាំងបំផុតលើបញ្ហានេះ។

ការចេញសេចក្តីប្រកាសព័ត៌មាន របស់ក្រុមប្រឹក្សាតម្រូវឱ្យមានការ ឯកភាពគ្នាក្នុងចំណោមរដ្ឋជាសមាជិកទាំងអស់ ។ នៅពេលក្រុមប្រឹក្សាសន្តិសុខ គ្រប់គ្រងការឆ្លើយតបជាសមូហភាព ទៅនឹងស្ថានភាពរបស់ប្រទេសមីយ៉ាន់ម៉ា សារនេះហាក់ដូចជាទន់ខ្សោយ ដោយជៀសវាងការរិះគន់ដោយផ្ទាល់ទៅលើរដ្ឋប្រហារ៕

ដោយ ឈូក បូរ៉ា

To Top