ភ្នំពេញ ៖ បន្ថែមពីលើការ សម្ដែងការអបអរសាទរ ដែលកម្ពុជា ទទួលបានវ៉ាក់សាំងប្រឆាំង នឹងជំងឺកូវីដ ១៩ SINOPHARM ដែលជាអំណោយ របស់មិត្តចិន ចំនួន៦០ម៉ឺនដូសលើកដំបូង លោក ហ៊ុន ម៉ានី អ្នកតំណាងរាស្រ្តមណ្ឌលកំពង់ស្ពឺ បានលើកឡើងថា ការទទួលបានវ៉ាក់សាំងកូវីដ១៩ គឺសបញ្ជាក់ពីជោគជ័យ ដ៏ធំមួយសម្រាប់កម្ពុជា លើសមរភូមិការទូត។
តាមរយៈគេហទំព័រហ្វេសប៊ុក របស់ខ្លួននៅថ្ងៃទី៨ កុម្ភៈនេះ អ្នកតំណាងរាស្រ្ត ហ៊ុន ម៉ានី សូមអបអរសាទរ ព្រះរាជាណាចក្រកម្ពុជា ដែលទទួលបានវ៉ាក់សាំង ប្រឆាំងនឹងជំងឺកូវីដ ១៩ SINOPHARM ដែលជាអំណោយ របស់សាធារណរដ្ឋប្រជាមានិតចិន ចំនួន៦០ម៉ឺនដូសលើកដំបូង ។
វ៉ាក់សាំង ដែលជាទំនិញយុទ្ធសាស្រ្ត ដ៏មានសារៈសំខាន់នេះនឹងក្លាយ ជាដំណោះស្រាយបញ្ហា កង្វល់មួយ ចំពោះយុទ្ធនាការប្រឆាំង នឹងការឆ្លងរាលដាល នៃជំងឺកូវីដ១៩ ជាពិសេសការផ្តល់វ៉ាក់សាំង ដល់ក្រុមគ្រូពេទ្យជួរមុខ និងកងកម្លាំងប្រដាប់អាវុធដែលកំពុង ឈរជើងការពារ នៅខ្សែត្រៀម ទប់ស្កាត់មិនឱ្យជំងឺកូវីដ ១៩ ឆ្លងចូលក្នុងសហគមន៍បាន។
អ្នកតំណាងរាស្រ្ត ហ៊ុន ម៉ានី សង្កត់ធ្ងន់ថា “ដោយឡែក ការដែលទទួលបានវ៉ាក់សាំង ក្នុងដំណាក់កាលដំបូង ស្របពេល ដែលប្រទេសជាច្រើន នៅលើពិភពលោក ទើបតែចាប់ផ្តើមយុទ្ធនាការ ចាក់វ៉ាក់សាំង នៅតាមបណ្តាប្រទេសរបស់ខ្លួន គឺសរបញ្ជាក់ ពីជោគជ័យដ៏ធំមួយ សម្រាប់កម្ពុជា លើសមរភូមិការទូត ដែលការទទួល បានទំនិញយុទ្ធសាស្រ្ត ក្នុងពេលឆាប់រហ័ស ពិតជាបានជួយដល់ការ កាត់បន្ថយហានិភ័យ និងការត្រលប់មករកប្រក្រតីភាព នៃជីវភាពសង្គម សេដ្ឋកិច្ចវិញ” ។
លោក ហ៊ុន ម៉ានី លើកឡើងបន្តថា ទំនាក់ទំនងល្អរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាមានិតចិន ដែលបានកសាង និងរិតចំណងដោយថ្នាក់ដឹកនាំ នៃភាគីទាំង២ គឺជាកត្តាកំណត់មួយ នៃការទទួលបានវ៉ាក់សាំងក្នុងគ្រានេះ ។ យើងពិតជាមិនអាចប្រកែកបានទេថា ការប្រកួតប្រជែង ដើម្បីទិញ និងចាក់វ៉ាក់សាំង ប្រឆាំងកូវីដ ១៩ កាន់តែមានភាព ស្រួចស្រាល់ឡើង ដែលប្រទេសកំពុងអភិវឌ្ឃ និងប្រទេសក្រីក្រ អាចប្រឈមនឹងការទទួលបានវ៉ាក់សាំង ក្នុងកម្រិតទាប និងត្រូវរង់ចាំយូរ ។ ជាមួយគ្នានោះ លោកហ៊ុនម៉ានីសូមថ្លែងអំណរគុណ និងកោតសរសើរដល់ភាពប៉ិនប្រសប់ របស់ថ្នាក់ដឹកនាំកម្ពុជា ដែលបានខិតខំប្រឹងប្រែងស្វែង រកដំណោះស្រាយ ជូនប្រជាជន ប្រកបដោយទំនុកចិត្ត ជំនឿជាក់ និងភាពកក់ក្តៅនោះទេ ។
សូមរំលឹកថាវ៉ាក់សាំងការពារកូវីដ១៩ ដែលជាជំនួយរបស់រដ្ឋាភិបាលចិន បានដឹកមកដល់អាកាស យានដ្ឋាន អន្តរជាតិភ្នំពេញ នៅរសៀលថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២១ ដោយមានការអញ្ជើញទៅទទួលពី សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីផងដែរ ។ វ៉ាក់សាំងនេះ មានចំនួន៦០ម៉ឺនដូស ក្នុងជំហានដំបូង ដោយក្នុងនោះចំនួន៣០ម៉ឺនដូស សម្រាប់ក្រសួងសុខាភិបាល និង៣០ម៉ឺនដូសទៀត សម្រាប់ផ្នែកយោធា៕