ភ្នំពេញ ៖ “ការបើកឲ្យវៀតណាម នាំត្រីចូលមកកម្ពុជាវិញ បន្ទាប់ពីមានការបិទ ក្នុងរយៈពេលខ្លី ដែលការសម្រេចចិត្តនេះ បង្ហាញថា ក្រសួងកសិកម្ម មិនមានគោលនយោបាយ និងគោលជំហរច្បាស់លាស់ ក្នុងការការពារ គាំទ្រ និងលើកស្ទួយផលិតកម្មក្នុងស្រុកទេ” ។ នេះជាការលើកឡើង របស់គណបក្ស ប្រជាធិបតេយ្យមូលដ្ឋាន (គបម) ក្នុងហ្វេសប៊ុក នារសៀលថ្ងៃ៨ កុម្ភៈ។
គបមបន្តថា ក្រៅពីការបិទ និងរិតបន្តឹងការនាំចូល គបម យល់ឃើញថា រដ្ឋាភិបាលនៅមានវិធានការ ផ្សេងទៀត ក្នុងការលើកស្ទួយ ផលិតកម្មក្នុងស្រុក និងសមត្ថភាពប្រកួតប្រជែង របស់កសិករនិងផលិតករខ្មែរ ។ វិធានការទាំងនោះ មានដូចជាការគាំទ្រ ដល់ការកាត់បន្ថយថ្លៃដើមផលិត ការគាំទ្រដល់ពាណិជ្ជករ ក្នុងការជួយលក់ ផលិតផលខ្មែរ និងការលើកស្ទួយការ បរិភោគផលិតផលខ្មែរជាដដើម។
គបមថា “ការកាត់បន្ថយការនាំចូល នូវអ្វីដែលខ្មែរអាចផលិតបាន នឹងជួយដល់សេដ្ឋកិច្ចជាតិ និងការងារ ជាពិសេសក្នុងពេលវិបត្តិកូវីដ១៩នេះ ។ តាមពិតនេះជាកាតព្វកិច្ច របស់រាជរដ្ឋាភិបាល” ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី៨ ខែមករា ឆ្នាំ២០២១ ក្រសួងកសិកម្ម បានចេញសេចក្តី ប្រកាសព័ត៌មាន ដែលជាការជូនដំណឹង អំពីការព្រមព្រៀងគ្នា ដោយស្ម័គ្រចិត្ត រវាងសមាគមវារីវប្បករនៅកម្ពុជា និង អាជីវករនាំចេញ នាំចូលផល ផលិតផលជលផល ក្នុងការផ្អាកជាបណ្តោះអាសន្ន នូវការនាំចូលត្រីចំនួន ៤ប្រភេទ រួម មាន ត្រីប្រា ត្រីពោ ត្រីអណ្តែង និងត្រីឆ្អៅ ពីក្រៅប្រទេស ។ ប៉ុន្តែនៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២១នេះ ក្រសួងបានចេញសេចក្តីប្រកាសព័ត៌មាន ដោយបន្តការអនុញ្ញាត ឲ្យនាំចូលផល ផលិតផលជលផល ជាពិសេសត្រីចំនួន ៤ប្រភេទដូចជា ត្រីប្រា ត្រីពោ ត្រីអណ្តែង និងត្រីឆ្អៅ តាមតម្រូវការជាក់ស្តែងក្នុងស្រុក ដោយអនុលោមតាមច្បាប់ និងលិខិតបទដ្ឋាន គតិយុត្តជាធរមាន៕