ភ្នំពេញ៖ ក្រោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានប្រកាសបើកសារជាថ្មីឲ្យមានការនាំចូលត្រី ៤ប្រភេទ ពីវៀតណាមឡើងវិញ ភាគីពាក់ព័ន្ធផ្នែកត្រីខ្លះ ក៏បានសម្តែងការស្វាគមន៍ និងខ្លះទៀតក៏មិនគាំទ្រដែរ។
ការស្វាគមន៍ដោយសារតែ ការផ្គត់ផ្គង់ត្រូវក្នុងស្រុកមិនគ្រប់គ្រាន់។ នេះបើតាម លោក គឹម យូវឌ្ឍានា អ្នកគ្រប់គ្រងមណ្ឌលបែងចែក ផលនេសាទគីឡូម៉ែត្រលេខ៩ ស្ថិតនៅក្នុងតំបន់ច្រាំងចម្រះ ក្នុងខណ្ឌឬស្ស៊ីកែវ។
ចំណែកការមិនគាំទ្រវិញ គឺនឹងធ្វើឲ្យប៉ះពាល់ដល់ អ្នកចិញ្ចឹមត្រីក្នុងស្រុក ជាពិសេសតម្លៃនឹងធ្លាក់ចុះ។ នេះជាការថ្លែងរបស់លោក ថេង សាវឿន ប្រធានសម្ព័ន្ធសហគមន៍កសិករកម្ពុជា។
កាលពីថ្ងៃទី៨ ខែមករា ឆ្នាំ២០២១ ក្រសួងកសិកម្ម បានចេញសេចក្តីប្រកាសព័ត៌មាន ដែលជាការជូនដំណឹង អំពីការព្រមព្រៀងគ្នា ដោយស្ម័គ្រចិត្ត រវាងសមាគមវារីវប្បករនៅកម្ពុជា និងអាជីវករនាំចេញ នាំចូលផល ផលិតផលជលផល ក្នុងការផ្អាកជាបណ្តោះអាសន្ន នូវការនាំចូលត្រីចំនួន ៤ប្រភេទ រួមមាន ត្រីប្រា ត្រីពោ ត្រីអណ្តែង និងត្រីឆ្អៅ ពីក្រៅប្រទេស ។ ប៉ុន្តែនៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២១ ក្រសួងបានចេញសេចក្តីប្រកាសព័ត៌មាន ដោយបន្តការអនុញ្ញាតឲ្យនាំចូលផល ផលិតផលជលផល ជាពិសេសត្រីចំនួន ៤ប្រភេទ តាមតម្រូវការជាក់ស្តែងក្នុងស្រុក ដោយអនុលោមតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។
តាមរយៈការផ្តល់បទសំភាសន៍ដល់ មជ្ឈមណ្ឌលព័ត៌មានអម្ពិលនៅថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២១ នៅកន្លែងមណ្ឌលបែងចែក ផលនេសាទគីឡូម៉ែត្រលេខ៩ លោក គឹម យូវឌ្ឍានា បានថ្លែងថា នៅកម្ពុជាការផ្គត់ផ្គង់ត្រីមិនគ្រប់គ្រាន់ បំពេញតាមតម្រូវការរបស់ពលរដ្ឋ ដូច្នេះការនាំចូលនេះជួយសម្រាល។
លោកថា “ខ្ញុំស្វាគមន៍ ដោយសារនៅស្រុកខ្មែរផ្គត់ផ្គង់មិនគ្រាន់ទេ ព្រោះឥឡូវដីឡើងថ្លៃ ហើយគេលុបស្រះចោលអស់ហើយ”។
លោក គឹម យូវឌ្ឍានា បន្ថែមថា សម្រាប់មណ្ឌលបែងចែក ផលនេសាទគីឡូម៉ែត្រលេខ៩នេះ ក្រៅពីការនាំចូលត្រីមកពីវៀតណាមប្រមាណជា ៨០ភាគរយ ក៏បាននាំចូលមកពីថៃប្រមាណជា ១០ភាគរយផងដែរ ក្រៅពីនោះជាត្រីក្នុងស្រុក។
លោកបានឲ្យដឹងទៀតថា សម្រាប់ការចិញ្ចឹមត្រីនៅតាមស្រះ ក្នុងស្រុកវិញលក់ចេញថោក តែចំណីត្រីវិញថ្លៃ ដូច្នេះការនាំចូលនិងត្រីក្នុងស្រុក មានតម្លៃប្រហាក់ប្រហែលគ្នាដែរទេ។
សម្រាប់លោក ថេង សាវឿន ប្រធានសម្ព័ន្ធសហគមន៍ កសិករកម្ពុជាបានឲ្យដឹងដែរថា “ខ្ញុំយល់ថា នៅពេលក្រសួងកសិកម្ម មិនមានជំហររឹងមាំនៃចំណាត់ការច្បាស់លាស់ ក្នុងការទប់ស្កាត់ការនាំចូលត្រីពីវៀតណាម វាបង្កើនឲ្យមានការអាក់អន់ចិត្ត ឬមិនសប្បាយចិត្តសម្រាប់អ្នកចិញ្ចឹមត្រី ពិសេសអ្នកប្រកបមុខរបរក្នុងវារីវប្បកម្មចិញ្ចឹមត្រី”។
លោកថា ការនាំចូលនឹងធ្វើឲ្យប៉ះពាល់ ដល់លទ្ធភាពការមកកាន់ទីផ្សាររបស់អ្នកចិញ្ចឹមត្រី ។ ក្នុងនោះក៏បានធ្វើឲ្យធ្លាក់ទឹកចិត្តដល់អ្នកចិញ្ចឹមត្រីផង និងអស់ជំនឿទុកចិត្តទៅលើក្រសួងដែរ។
ចំពោះករណីនេះ មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល បានទាក់ទងទៅសុំការអធិប្បាយពីលោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម ប៉ុន្តែលោកមិនទាន់ឆ្លើយតបនៅឡើយទេ។
សូមបញ្ជាក់ថា ពាក់ព័ន្ធនឹងការអនុញ្ញាតឲ្យមាន ការនាំចូលត្រីឡើងវិញពីវៀតណាមនេះ ក្រោយពី លោក ត្រាំងតុង អាង ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម បានផ្ញើលិខិតមកកាន់ លោក ប៉ាន់ សូរស័ក្ត រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មខ្មែរកាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១ ដើម្បីស្នើឲ្យពិភាក្សាជាមួយលោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រោយ លោក វេង សាខុន បានចេញសេចក្តីប្រកាស ហាមឃាត់ការនាំចូលត្រីពីបរទេស (ក្នុងនោះមានវៀតណាម) ដើម្បីការពារទីផ្សារក្នុងស្រុក ៕