អត្ថបទ

រថយន្តតូយ៉ូតា HILUX REVO ប្រារព្ធពិធី បើកបរសាកល្បង ដ៍រីករាយទទួលភ្ញៀវកិត្តិយស

កំពង់ស្ពឺ៖ថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២១ នៅទីលានបើកបរ យ៉ាម៉ាម៉ូតុ ក្រុមហ៊ុនតូយ៉ូតា(ខេមបូឌា) បានចែករំលែកបទពិសោធន៍ដ៏ពិសេសមួយជាមួយនឹង អតិថិជននិងអ្នកសារព័ត៌មាន។ ក្នុងអំឡុងត្រីមាសទី៤ឆ្នាំមុននេះ ក្រុមហ៊ុនតូយ៉ូតា (ខេមបូឌា) បានបញ្ចេញរថយន្តស៊េរីថ្មី Hilux Revo 2021 មកកាន់ទីផ្សារកម្ពុជាជាលើកដំបូង។

នៅថ្ងៃនេះដែរក្រុមហ៊ុនតូយ៉ូតា(ខេមបូឌា) បានអញ្ជើញអតិថិជនដែលចូលចិត្តម៉ូឌែលថ្មីបំផុតមកទទួលភាពសប្បាយរីករាយនៅទីលានប្រណាំង យ៉ាម៉ាម៉ូតុ នៅតំបន់អភិវឌ្ឍន៍កសិទេសចរណ៍ ម៉ុង ឬទ្ធី សែនជ័យ ខេត្តកំពង់ស្ពឺ។ ការបើកបរសាកល្បងHilux Revo 2021 ចាប់ផ្តើមនៅម៉ោង៦:៣០នាទីព្រឹក អតិថិជនបានប្រមូលផ្តុំគ្នា និងបានធ្វើដំណើរដោយឥតគិតថ្លៃរយៈពេល២ម៉ោងទៅកាន់ទីលានប្រណាំងយ៉ាម៉ាម៉ូតុ ខេត្ដកំពង់ស្ពឺ។

នៅម៉ោង៩:00នាទីព្រឹក កម្មវិធីបើកបរសាកល្បង បានចាប់ផ្តើមជាមួយសុន្ទរកថាពីលោក Keo Wathenac, អគ្គនាយកក្រុមហ៊ុនតូយ៉ូតា(ខេមបូឌា) និងមានការបង្ហាញពីការបើកបរសាកល្បងដំបូងគេពីលោកYamamoto។ អតិថិជនតូយ៉ូតា បានបង្ហាញភាពសប្បាយរីករាយរំភើបចិត្តនៅពេលដែលលោក Yamamotoយករថយន្ត Hilux Revo 2021ស៊េរីថ្មីនេះមកជិះសាកល្បងបង្ហាញជូន។

កម្មវិធីបន្ទាប់ អតិថិជនដែលបានមកចូលរួមកម្មវិធីនេះ បានសាកល្បងបើកបររថយន្ត Hilux Revo 2021ស៊េរីថ្មីនេះផងដែរ។ កម្មវិធីបើកបរសាកល្បងនេះ បានចូលរួមពីភ្ញៀវកិត្តិយសជាង៥០នាក់មកពីទីក្រុងភ្នំពេញ ដែលអតិថិជនម្នាក់ៗ បានបើកបរសាកល្បងប្រហាក់ប្រហែលជា៣០នាទីរាប់បញ្ចូលទាំងការរបើកបរសាកល្បងផ្ទាល់ និងបទបង្ហាញអំពីលក្ខខណ្ខនៃការបើកបរ។ ទីលានប្រណាំងយានយន្តយ៉ាម៉ាម៉ូតុ មានលើសពី១៥ខ្សែកោងដែលមានខ្សែកោងរាងអក្សរSធំ នៅលើផ្លូវធំទីមួយបន្ទាប់ពីខ្សែកោងពាក់កណ្តាល រាងអក្សរC ដែលអតិថិជននិងគ្រូបង្វឹករថយន្តតូយ៉ូតាបានសាកល្បងមេកានិច ទៅលើសមត្ថភាពរបស់ Hilux Revo 2021 ដែលកំពុងដំណើរការ ពីល្បឿន៣០គីឡូម៉ែត្រក្នុងមួយម៉ោងរហូតដល់៨០គីឡូម៉ែត្រក្នុងមួយម៉ោង។

ផ្លូវទាំងពីរបានផ្តល់បទពិសោធន៍ នូវការបើកបរសាកល្បងក្នុងល្បឿនលឿន លើកំណាត់ផ្លូវបត់បែនបង្ហាញពីបច្ចេកវិទ្យាថ្មីរបស់ (Totoya’s New Global Architecture) និងប្រព័ន្ធការពារឈានមុខរចនាឡើងជួយផ្តល់សំឡេងនិងសញ្ញាគ្រោះថ្នាក់ សមត្ថភាពរក្សាទីតាំងរថយន្តមិនឲ្យរេចង្កូតចាកគន្លងផ្លូវ ប្រពន័្ធហ្វ្រាំងសុវត្ថិភាពជំនួយស្ថេរភាពយានយន្តលើផ្លូវមានឧបសគ្គខ្ពស់ និងផ្លូវចំណោតឡើងចុះខ្លាំង។ មុនពេលធ្វើការបើកបរសាកល្បង អតិថិជនត្រូវទទួលការណែនាំពីគ្រូបង្វឹកបើកបររបស់ក្រុមហ៊ុនតូយ៉ូតាអំពីល្បឿនបើកបរខុសគ្នា ប្រតិបត្តិការរបស់រថយន្ត និងការគ្រប់គ្រងកង់។ គ្រប់លក្ខណៈពិសេសនៃប្រព័ន្ធសុវត្ថិភាពរបស់រថយន្តតូយ៉ូតាទាំងអស់ ត្រូវបានបង្ហាញជូនអតិថិជនដើម្បីធ្វើការសាកល្បងផ្ទាល់នៅក្នុងកម្មវិធីរថយន្ត Hilux Revo 2021 ចុងក្រោយនេះ។

ការផ្តល់ឱកាសដ៍មានតម្លៃរបស់ លោកឧកញ៉ា ម៉ុង ឫទ្ធី បានបង្ហាញភាពកក់ក្តៅដល់អ្នកសារព័ត៌មានក៏ដូចជាភ្ញៀវកិត្តិយសនៅក្នុងកម្មវិធីនេះ។ លោកឧកញ៉ា ក៏បានផ្តល់នូវការសាទរដោយគាត់បានធ្វើការបើកបរសាកល្បងរថយន្ត Toyota Hilux Revo 2021 នៅលើផ្លូវប្រណាំងក្នុងល្បឿនលឿនមានកំណត់។

កម្មវិធីត្រូវបានបញ្ចប់ជាស្ថាពរបន្ទាប់ពីអ្នកចូលរួមបានទទួលទានអាហារថ្ងៃត្រង់ និងត្រូវបានធ្វើដំណើរត្រឡប់ទៅភ្នំពេញវិញ។ ក្រុមហ៊ុនតូយ៉ូតា(ខេមបូឌា) សូមថ្លែងអំណរគុណចំពោះអ្នកចូលរួមទាំងអស់ដែលបានមកចូលរួមធ្វើការសាកល្បងបើកបរ រថយន្ត Hilux Revo ២០២១ថ្មី ដោយកម្មវិធីនេះមិនត្រឹមតែបានបង្ហាញនូវលក្ខណៈពិសេសថ្មីៗប៉ុណ្ណោះទេ ប៉ុន្តែពួកគេបានផ្តល់នូវពេលវេលាដ៏គួរឱ្យរំភើបមួយក្នុងការចូលរួមជាមួយអតិថិជនរបស់ពួកគេ ដើម្បីទទួលបានភាពសប្បាយរីករាយជាមួយនឹងបទពិសោធន៍ថ្មីនៃបើកបរសាកល្បង។

ញ៉ែម សុផល្ អ្នកយកពត៌មានជាន់ខ្ពស់នៃសារពត៌មានរស្មីកម្ពុជាដែលបានចូលរួមការបើកបរសាកល្បងបានឱ្យដឹងថា៖រថយន្តToyota Hilux Revo 2021 នេះរាងឡូយសង្ហាមើលទៅហាប់ណែនគួរឱ្យស្រឡាញ់ហើយមាន ច្រើនពណ៌តម្រូវចិត្តតាមបុគ្គល។ពេលចូលអង្គុយហ៊ឹបល្អស្រួល។នៅពេលបើកលើផ្លូវត្រង់ហ្គែរ(Gear)របស់វាស្ទុះខ្លាំងជាន់បានៗនិស្ម៊ូត(Smooth)ល្អ។

នៅពេលបើកកាច់ចុះកាច់ឡើង(ផ្លូវអន្ទង់អាំង) មានលំនឹងល្អ អត់គ្រវី បួងបានមិនខ្លាចក្រឡាប់សំខាន់យើងត្រូវគ្រប់គ្រងចង្កូតឱ្យបាន។ហ្វ្រាំងរបស់វាស៊ីខ្លាំងល្អណាស់។នៅពេល បើកល្បឿនលឿនខ្ទង់៦០គីឡូម៉ែត្រក្នុងមួយម៉ោង យើងជាន់ហ្រ្វាំងតែមួយជើង គឺវាក្រាបស្បាបនឹងដី មិនគ្រវីតួ មិនគ្រលែង និងអូស ជិតបំផុត។ជាពិសេសនៅពេលបើកគន្លងផ្លូវរាងអក្សរអេស(S)គួរឱ្យរំភើបណាស់គឺរថយន្តអាចគ្រប់គ្រងបានយ៉ាងល្អចង្កូតបួងម៉ាស្រឡាញ់ មិនញ័រ មិនគ្រលែង និងរត់ស្មើល្អ។ នៅពេលបើកសាកល្បងOff Road ឡើងចុះទួល Toyota Hilux Revo 2021នេះ មានមុខងារមួយជួយទប់កុំឱ្យរថយន្តរអិលថយក្រោយនិងពេលចុះចំណោត យើងប្រើមុខងារDAC ជួយទប់កុំឱ្យរថយន្តចុះលឿនពេក គឺចុះបន្តិចម្តងៗ ដោយយើងមិនបាច់ជាន់ហ្វ្រាំង៕

To Top