បរទេស ៖ ប្រទេសចិន នាពេលថ្មីៗនេះ តាមសេចក្តីរាយការណ៍ បានតែងតាំងឯកអគ្គរដ្ឋទូតប្រចាំ នៅកូរ៉េខាងជើងថ្មី ក្រោយពេលមួយឆ្នាំ បន្ទាប់ពីការរាតត្បាត មេរោគកូរ៉ូណា បានចាប់ផ្តើមផ្ទុះឡើង ហើយទីក្រុងព្យុងយ៉ាងបិទព្រំដែន ប្រវែង៨៨០ម៉ាយ ជាប់ដៃគូដ៏សំខាន់របស់ខ្លួន ។
ទីភ្នាក់ងារសារព័ត៌មាន Kyodo បានរាយការណ៍ថា លោក Wang Yajun មានវ័យ ៥១ឆ្នាំ ជាអនុប្រធាននាយកដ្ឋានទំនាក់ទំនង អន្តរជាតិរបស់គណៈកម្មាធិការ កណ្ដាលបក្សកុម្មុយនិស្តចិន នឹងដឹកនាំបេសកកម្ម ការទូតចិន នៅក្នុងទីក្រុងព្យុងយ៉ាង។
ប៉ុន្តែវានៅមិនទាន់ច្បាស់នៅឡើយទេថា ពេលណាលោក Wang Yajun នឹងត្រូវអនុញ្ញាតឲ្យចូលកាន់តំណែង របស់លោកនៅកូរ៉េខាងជើង។ របបលោក គីម ជុងអ៊ុន នៅតែបិទចំពោះពិភពលោកខាងក្រៅ និងស្ទើរតែមន្ត្រីការទូតបរទេសទាំងអស់ នៅទីក្រុងព្យុងយ៉ាង បានវិលត្រឡប់ទៅប្រទេសវិញ ដោយសារតែកូវីដ១៩។
គួរបញ្ជាក់ថា លោក Wang Yajun បានធ្វើតួនាទីយ៉ាងសំខាន់ នៅក្នុងចំណងមិត្តភាពចិន និងកូរ៉េខាងជើង ក្នុងនាមជាសមាជិក ដ៏សំខាន់នៃរដ្ឋាភិបាលចិន។ នៅក្នុងខែមិថុនា លោកបានបង្ហាញនូវការដឹងគុណ ចំពោះឯកអគ្គរដ្ឋទូតកូរ៉េខាងជើង លោក Ji Jae Ryong ក្រោយបានបញ្ជូនបាច់ផ្កាឲ្យ នៅក្នុងអំឡុងទិវាគម្រប់ខួប៩៩ឆ្នាំ នៃការបង្កើតបក្សកុម្មុយនិស្តចិន ៕ ប្រែសម្រួល៖ប៉ាង កុង