វ៉ាស៊ីនតោន៖ សមាជិកព្រឹទ្ធសភាអាមេរិក បានបោះឆ្នោត ដើម្បីឆ្ពោះទៅមុខ ជាមួយនឹងការចោទប្រកាន់ លើអតីតប្រធានាធិបតីលោក ដូណាល់ ត្រាំ ពីបទចោទប្រកាន់ញុះញង់ ឱ្យមានការវាយប្រហារដ៏សាហាវ ទៅលើវិមានកាពីតូល ដោយច្រានចោលការអះអាងថា ដំណើរការនេះ មិនមានលក្ខណៈស្របច្បាប់ បន្ទាប់ពីមើលវីដេអូក្រាហ្វិច នៃការវាយប្រហារ នៅខែមករាកន្លងទៅនេះ។
ព្រឹទ្ធសភាបានបោះឆ្នោត ៥៦-៤៤ ដើម្បីបន្តដំណើរការកាត់ក្តី អតីតប្រធានាធិបតី ដែលជាការបដិសេធ ជាប្រវត្តិសាស្ត្រលើកដំបូង ដោយបដិសេធការអះអាង របស់មេធាវីការពារក្តីរបស់លោក ដែលថាប្រធានាធិបតី មិនអាចប្រឈមនឹងការកាត់ក្តី បន្ទាប់ពីចាកចេញពីសេតវិមានឡើយ។
វីដេអូ ដែលបង្ហាញដោយក្រុមអ្នកតំណាងរាស្ត្រចំនួន ៩ នាក់ នៃក្រុមអ្នកប្រជាធិបតេយ្យ បានបំបែករូបភាពនៃអំពើហិង្សា នៅវិមានកាពីតូល កាលពីថ្ងៃទី០៦ ខែមករា ជាមួយនឹងឃ្លីប នៃការថ្លែងសុន្ទរកថាដ៏ក្តៅគគុករបស់លោក ត្រាំ ទៅកាន់អ្នកគាំទ្រជាច្រើន នៅពេលមុននេះ ដែលជំរុញឱ្យពួកគេសម្រុកចូលវិមានកាពីតូល ដើម្បីលុបចោលការបរាជ័យ នៃការបោះឆ្នោតនៅថ្ងៃទី០៣ ខែវិច្ឆិកា។
សមាជិកព្រឹទ្ធសភា ដែលបម្រើការជាអ្នកកាត់ក្តី មើលតាមកញ្ចក់អេក្រង់ បានបង្ហាញថា អ្នកដើរតាមលោក ត្រាំ បានបោះចោលរបាំងមុខ និងវាយទៅលើមន្រ្តីប៉ូលិស នៅឯវិមានកាពីតូល។ វីដេអូនេះក៏រួមបញ្ចូលផងដែរ នៅពេលដែល ប៉ូលិសយាមក្នុងបន្ទប់សភា បានបាញ់សម្លាប់អ្នកតវ៉ាឈ្មោះ Ashli Babbitt ដែលជាមនុស្សម្នាក់ក្នុងចំណោមមនុស្ស ៥ នាក់រួមទាំងមន្រ្តីប៉ូលីសម្នាក់ ដែលបានស្លាប់នៅក្នុងការវាយលុក។
ក្រុមមនុស្សបានវាយប្រហារ ប៉ូលិសបានបញ្ជូនសមាជិកសភាជាច្រើននាក់ ដើម្បីការពារសុវត្ថិភាព និងរំខានដល់ការបញ្ជាក់ ដោយសភាជាផ្លូវការនៃជ័យជំនះ របស់ប្រធានាធិបតីលោក ចូ បៃដិន បន្ទាប់ពីលោក ត្រាំ បានចំណាយពេល ២ ខែដើម្បីប្រឆាំងនឹងលទ្ធផល នៃការបោះឆ្នោត ដោយផ្អែកលើការអះអាងមិនពិត នៃការលួចបន្លំសន្លឹកឆ្នោត៕ ដោយ៖ ឈូក បូរ៉ា